ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន៥ទៀត​ហើយត្រូវបាន​​ចុះបញ្ជីវិនិយោគជាស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៥ទៀត ដែលអាចមានសិទ្ធិវិនិយោគជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយបើកចំហរជើងមាឃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​។​​

ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះទី ១ ឈ្មោះ  “ JOVIAL CHARM CO., LTD” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០៩កន្លែង។

ក្រុមហ៊ុនទី ២ ឈ្មោះ- “PINYTEX CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥១៤កន្លែង។

ក្រុមហ៊ុន​ទី ៣ឈ្មោះ- “BRANWELL INDUSTRIAL (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី (ជើងក្រានដុតសាច់-ដុតនំ, ប្រដាប់ផ្លុំសក់-មូរសក់-សំងួតសក់, ប្រដាប់កោររោម, ជក់សម្អាតផ្ទៃមុខ, សម្ភារៈម៉ាស្សាដងខ្លួន-មុខ-ជើង និងត្រាំជើង) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេននិងភូមិសន្តិភាព ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។

ចំពោះក្រុមហ៊ុន​​ទី ៤ ឈ្មោះ- “CRYSTAL RICE (KAMPUCHEA) CO., LTD” គម្រោងសាងសង់ និងអាជីវកម្មកំពង់ផែអន្តរជាតិ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគចំនួន ៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥២កន្លែង។

សម្រាប់​ក្រុមហ៊ុនទី៥ ឈ្មោះ “WON MAJESTIC (CAMBODIA) CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៨កន្លែង។