ក្រុមហ៊ុនមួយចំនួននៅប្រទេសវៀតណាម ជាពិសេសគឺក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសេវាកម្ម កំពុងព្យាយាមស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ផ្សេងៗពីសំណាក់រដ្ឋាភិបាល ស្របពេលដែលក្រុមហ៊ុនទាំងនោះ បានទទួលរងនូវការខាតបង់ប្រាក់ចំណូលដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Vietnam News (ANN)។
ប្រភពដដែលបានបន្តថា ប្រទេសវៀតណាមបានខាតបង់ទឹកប្រាក់ប្រមាណជាង៧០០ពាន់លានដុង ស្មើនឹង៣០.៤លានដុល្លារអាមេរិក ក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលជារយៈពេលនៃការផ្ទុះឡើងនៃវីរុសខូវីដ-១៩ និងវីរុសផ្លូវដង្ហើមមួយនេះ មានវត្តមាននៅវៀតណាម។
ឧស្សាហកម្មទេសចរណ៍ និងសេវាកម្ម គឺជាវីស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ជាពិសេសគឺនៅទីក្រុង ដាណាង (Danang) ដែលជាទីក្រុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ ដែលភាគច្រើនគឺភ្ញៀវទេសចរមកពីប្រទេសចិន៕