ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក ឧកញ៉ា តែ តាំងប៉ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារព្រីនស៍ បានចាប់ដៃគ្នា ដើម្បីជាកំលាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលស្ថាប័នទាំងពីរត្រូវមានទំនាក់ទំនងជាមួយគ្នាដោយខ្វះពុំបាន ហើយកិច្ចសហប្រតិបត្តិការនេះធ្វើនៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២០។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះភាគីទាំងពីរបានព្រមព្រៀងគ្នាចុះអនុស្សរណៈនេះក្នុងគោលបំណងសំខាន់ៗ ដើម្បីសហការគ្នាក្នុងការបង្កើតគំរោងនានា ក្នុងការស្នើរសុំការគាំទ្រហិរញ្ញាត្ថុ និងហិរញ្ញប្រទានពីដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានាមានដូចជា WB, ADB, IFC, GIZជាដើម ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់សមាជិកសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
លោកឧកញ៉ាបញ្ជាក់ថា ធនាគារព្រីនស៍នឹងដើរតួនាទីជាអ្នកគ្រប់គ្រងនិងចាត់ចែងការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្រទានដែលទទួលបានពីការស្នើសុំទាំងនោះ។ យើងត្រូវសហការគ្នាក្នុងការបង្កើតគំរោងនានា ដើម្បីជួយគាំទ្រដល់ការរីកចំរើនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លើសពីនេះភាគីទាំងពីរនឹងសហការគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលមួយចំនួនដល់សមាជិកសម័្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដើម្បីពង្រឹងការយល់ដឹងពីការស្នើសុំនិងការប្រើប្រាស់ហិរញ្ញប្បទាននៅក្នុងអាជីវកម្មអោយមានប្រសិទ្ធភាពខ្ពស់។
សម្រាប់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិធនាគារព្រីនស៍ បានមានប្រសាសន៍ថា «ធនាគារព្រីនស៍ នឹងសហការជាមួយនិងសម័្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីរៀបចំចាត់ចែងវគ្គបណ្តុះបណ្តាលសមាជិកនិងអាចផ្សព្វផ្សាយព័ត៌មាន និងពាណិជ្ជកម្មនានារាប់បញ្ចូលទាំងការបញ្ជ្រាបចំណេះដឹងអំពីសេវាផ្សេងៗរបស់ធនាគារព្រីនស៍ នៅក្នុងអំឡុងវគ្គបណ្តុះបណ្តាលដល់ FACMEC »។
សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងជម្រុញលើកទឹកចិត្តដល់សមាជិកទាំងអស់ឲ្យប្រើប្រាស់ចំណេះដឹងទាំងនោះនិងសេវាផ្សេងៗរបស់ធនាគារព្រីនស៍ក្នុងអាជីវកម្មរបស់ពួកគេហើយតាមដាន និងចែករំលែកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ SMEBank ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា។