(ភ្នំពេញ)៖ ទីបំផុតទៅ! នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសម្រេចកសាងសំណុំរឿង ដែលពលរដ្ឋ ២នាក់banប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ពីបទរំលោភលើទំនុកចិត្ត ក្នុងអំពើឆបោកប្រាក់អស់រាប់ពាន់ដុល្លារ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើយោងតាមការបញ្ជាក់ពីប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកអង្គស្នួល។
មន្ត្រីដដែល បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា នគរបាលជំនាញបានកសាងសំណុំរឿង របស់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) និងបញ្ជូនទៅកាន់តុលាការ ក្រោមការសន្និដ្ឋានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត។
លោកប្រធានផ្នែកព្រហ្មទណ្ឌ រូបនេះ បន្ថែមថា សមត្ថកិច្ច បានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការកាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពី នគរបាលកោះហៅលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ឲ្យចូលឆ្លើយបំភ្លឺ តាមការប្តឹងរបស់ពលរដ្ឋរងគ្រោះ ប៉ុន្តែជននេះមិនព្រមចូល ដោយឲ្យឈ្មោះ ជា គឹមសេន ទាក់ទងទៅសមត្ថកិច្ច និងអះអាងថា ខ្លួន (ឡេង ប៊ុនស្រ៊ី ហៅ ហ៊ុន ប៊ុនស្រ៊ី) មិនបានដឹងអ្វីទាំងអស់។
បើតាមការអះអាងរបស់សមត្ថកិច្ច មានជនរងគ្រោះជាដើមបណ្តឹងចំនួន ២នាក់ដែលបាន ដាក់ពាក្យប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ពីបទ រំលោភលើទំនុកចិត្ត។
ជនរងគ្រោះទី១ឈ្មោះ ម៉ាប់ វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមឆ្នាំ២០១៩ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ចំនួន ៣,៥០០ដុល្លារ ក្នុងករណីរត់ការចូលធ្វើជាទាហាន។
ចំណែកជនរងគ្រោះទី២ឈ្មោះ លាស់ សុខខេន ភេទស្រី មានទីលំនៅភូមិត្រពាំងឈើនាងឃុំពើក ស្រុកអង្គស្នួលខេត្តកណ្ដាល កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៩ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ចំនួន ២,០០០ដុល្លារ ក្នុងករណីរត់ការដោះស្រាយបញ្ចប់រឿងក្តីដីធ្លីនៅតុលាការ ប៉ុន្តែមិនបានសម្រេចដូចការសន្យា។
ជនរងគ្រោះឈ្មោះ ម៉ាប់ វណ្ណៈ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានស្គាល់ លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) តាមរយៈឈ្មោះ ណូន រស់នៅក្នុងស្រុកអង្គស្នួល។
ឈ្មោះ ណូន បាននាំជនរងគ្រោះឲ្យជួបលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី (ឡេង ប៊ុនស្រ៊ី) ដើម្បីឲ្យជួយរត់ការ ចូលធ្វើជាយោធា ក្នុងតម្លៃព្រមព្រៀងគ្នាចំនួន ៣,៥០០ដុល្លារ។
ដោយការជឿជាក់លើឈ្មោះ ណូន និងលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី ដែលអះអាងថា ជាសាច់ញាតិថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមានបក្ខពួកច្រើន ទើបជនរងគ្រោះព្រមយកលុយចំនួន ៣,៥០០ដុល្លារ ទៅប្រគល់ឲ្យលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី (ឡេង ប៊ុនស្រ៊ី) ដល់ផ្ទះនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជុំវិញករណី មានពលរដ្ឋប្តឹងចោទប្រកាន់ខាងលើនេះ Daily-Khmer នៅពុំទាន់អាចសុំការបញ្ជាក់ពី លោកផ្កាយ៣យោធា ឈ្មោះ ឡេង ប៊ុនស្រ៊ី ហៅ ហ៊ុន ប៊ុនស្រ៊ី បាននៅឡើយទេ ដោយសារលេខទូរស័ព្ទរបស់លោកហៅចូលហើយ ប៉ុន្តែគ្មានអ្នកទទួល៕
ដោយ៖សហការី ដេលីខ្មែរ