ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ម៉ានី ផ្ញើសារលើកទឹកចិត្តដល់ទាំងអស់គ្នា ក្នុងគ្រានៃការតស៊ូទប់ទល់ការរីករាលដាលនៃមេរោគកូវីឌ១៩

(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ លោក ហ៊ុន ម៉ានី នៅថ្ងៃនេះ បានផ្ញើសារលើកទឹកចិត្តដល់ទាំងអស់គ្នា នៅក្នុងគ្រានៃការតស៊ូទប់ទល់ការរីករាលដាលនៃមេរោគកូវីឌ១៩ យ៉ាងដូច្នេះថា៖ «ខ្ញុំដឹងថាអ្នករាល់គ្នាកំពុងតាមដានស្ថានការណ៍នៃការរាតត្បាតនៃជំងឺដែលបង្កដោយវីរុសកូវីឌ១៩ នៅទូទាំងពិភពលោក ហើយដែលកម្ពុជាក៏បានរងការប៉ះពាល់ផងដែរ។

ជាការពិត ក្នុងកាលៈទេសៈនេះ យើងម្នាក់ៗពិតជាព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារខ្លួន ដែលនេះជាអាទិភាពខ្ពស់បំផុតរបស់យើង។ សូមឱ្យបងប្អូនបន្តការយកចិត្តទុកដាក់បន្ថែមទៀត»។

លោក ហ៊ុន ម៉ានី បានបន្តថា៖ «ទោះជាយ៉ាងណាក្តី យើងមិនគួរបណ្ដោយឱ្យបញ្ហានេះមកផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងនោះទេ ជាពិសេស ការបែរមកខ្លាចគ្នា និងឈានដល់ការរើសអើងគ្នា។ យើងជាជាតិសាសន៍ ដែលនឹងមិនធ្វើដូច្នេះឡើយ។ ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ ជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ឲ្យមានសុខភាពល្អ កម្លាំងកាយរឹងមាំ»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងជាពិសេសវេជ្ជបណ្ឌិតរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ជួយសង្គ្រោះដល់អ្នក ដែលបានឆ្លងជំងឺទាំងអស់គ្នា មិនថាជាខ្មែរ ឬបរទេសនោះទេ។

លោក ហ៊ុន ម៉ានី បញ្ចប់សារជាមួយក្តីសង្ឃឹមថា៖ «ជឿជាក់លើកម្ពុជា»៕