ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច ស ខេង សម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម

សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ ៤​ចំណុច ជូន​អភិបាលខេត្ត​ជាប់​ព្រំដែន អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​អន្តោប្រវេសន៍ រួមមាន​៖

១-​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់ នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ២៣:៥៩ នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។ វិធានការ​នេះ មាន​គោលបំណង​បញ្ចៀស​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

២-​វិធានការ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​ពល រដ្ឋវៀតណាម និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែនការទូត និង​ផ្លូវការ​ទេ​។​

៣-​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នូវ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ក្នុងប្រទេស​វៀតណាម ប្រសិនបើ​មាន​។​

៤-​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​កម្លាំង​មាន​សមត្ថកិច្ច តាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​សហការ​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ធានាថា ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម អាចអនុវត្ត​ដោយ​គ្មាន​ការរាំងស្ទះ​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ត្រូវ​ជម្រាបជូន​ភាគី​វៀតណាម អំពី​វិធានការ​ខាងលើនេះ និង​ស្នើសុំ​ការយោគយល់ ហើយ​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការប្រឹងប្រែង​រួមគ្នា ក្នុងការ​បញ្ឈប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​។​

​សូម​រម្លឹកថា សេចក្តីណែនាំ​ខាងលើ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ បានចេញ​លិខិត ទៅកាន់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដោយ​ប្រកាស​ពី​ការបិទ​ច្រកទ្វារព្រំដែន ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ជា​វិធានការ​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​បរទេស​កម្ពុជា ដែល​ផ្តល់ដំណឹង​យ៉ាង​ប្រញាប់ ទៅ​រដ្ឋាភិបាល​វៀតណាម តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃនេះ បាន​ឲ្យ​ដឹងថា ការផ្អាក​នៃ​ដំណើរ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រជាជន មកពី​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម នឹង​ចាប់​អនុវត្ត នៅវេលា​ម៉ោង ២៣ និង​៥៩​នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។​

​វិធានការ​របស់​កម្ពុ​ជា​នេះ បានធ្វើ​ឡើង ក្រោយពី​វៀត ណា បានសម្រេច​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​ឯកតោភាគី ដោយ​គ្មាន​ជូនដំណឹង​មក​កម្ពុជា ចាប់ពី​ម៉ោង​សូន្យ ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០៕​