ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើននាក់ នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន។
ជាមួយគ្នានេះដែរវីរុសកូរ៉ូណា ក៏បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនរងផលប៉ះពាល់មួយចំនួនដែរ ព្រោះតែរដ្ឋាភិបាលប្រទេសចិន បានប្រកាសអូសបន្លាយការឈប់សម្រាកសម្រាប់រោងចក្រជាច្រើន បណ្ដោះអាសន្នសិន ក្នុងគោលបំណងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលវីរុសដ៏កាចសាហាវមួយនេះ។
យ៉ាងណាមិញ ក្រឡែកមកមើលវិស័យកាត់ដេរ និងរោងចក្រជាច្រើន នៅប្រទេសកម្ពុជាវិញ គឺភាគច្រើន បានយកវត្ថុធាតុដើម ពីប្រទេសចិនមក ដែលមានដូចជាក្រណាត់ជាដើម ក្នុងនោះដែរ រោងចក្រនៅប្រទេសចិន បានកំពុងតែផ្អាកដំណើរការ ទើបធ្វើឲ្យការផ្គត់ផ្គង់វត្ថុធាតុដើមទាំងនោះមកកម្ពុជា ត្រូវផ្អាកមួយរយៈពេលសិន ហើយបណ្ដាលឱ្យរោងចក្រ នៅកម្ពុជាក៏ត្រូវផ្អាកមួយរយៈសិនដែរ។
ទាក់ទងចំពោះរឿងខាងលើនេះដែរ កាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ត្រូវផ្អាកការយកថ្លៃប្រើប្រាស់ពីកម្មករនិយោជិត ដែលត្រូវម្ចាស់រោងចក្រ សហគ្រាសព្យួរការងារ ដើម្បីអនុគ្រោះដល់ពួកគេក្នុងដំណាក់កាលជួបការលំបាកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា៖”ខ្ញុំស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក នៅកន្លែងខ្លះកម្មករត្រូវគេព្យួរការងារ អញ្ចឹងទេ គ្នាត្រូវការលុយបង់ថ្លៃទឹក ថ្លៃភ្លើង អញ្ចឹងអាចផ្ដល់ការយោគយល់ឱ្យជំពាក់សិន”។
សម្ដេចតេជោ បានមានប្រសាសន៏ទៀតថា៖”ទន្ទឹមនឹងការយោគយល់នេះ មិនមែនធ្វើឡើងសម្រាប់កម្មករទូទៅនោះទេ គឺអនុគ្រោះតែកម្មករទាំងឡាយណាដែលត្រូវគេព្យួរការងារប៉ុណ្ណោះ”៕







