សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាបានអំពាវនាវដល់សមាគមនិស្សិត តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋ ដែលចំណុះឱ្យសហព័ន្ធនិស្សិត សូមមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមទប់ស្កាត់នៃការរីករាលដាលវីរុស COV ID-19។
តាមសេចក្តីណែនាំរបស់សហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះបានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវប្រកាន់នូវការថែរក្សា អនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ត្រូវពិសារអាហារដែលបានចម្អិនឆ្អិនល្អ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺផ្លូវដង្ហើម។
ក្នុងករណីមានការសង្ស័យ និងមានអាការៈដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថបណែន សូមទៅពិនិត្យនៅមន្ទីរ ឬមណ្ឌលសុខភាពដែលនៅជិតកន្លែងអ្នករស់នៅ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ជាពិសេសត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។