ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត២លាននាក់ គឺឆ្លងសរុបចំនួន១ ៨៥១ ៤៨០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមេសានេះ ដែលជាករណីឆ្លងនៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែល ។
ចំពោះមនុស្សដែលបានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងក្នុងល្បឿនលឿនផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដដែលនេះ គឺមនុស្សស្លាប់សរុបចំនួន១១៤ ១៧១នាក់ហើយ ខណៈដែលមនុស្សប្រមាណ៤២២៨២៣នាក់បានជាសះស្បើយពីវីរុសនេះ ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក គឺជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងស្លាប់ដោយសារវីរុសCovid-19ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃចន្ទ អាមេរិកមានមនុស្សឆ្លងសរុបចំនួន៥៦០ ២៣៩នាក់និងមនុស្សស្លាប់ចំនួន២២ ១០១នាក់ ដែលជាចំនួនច្រើនបំផុត ៕