(ខេត្តបន្ទាយមានជ័យ)៖ អ្នកតំណាងរាស្ត្រ សេរី កុសល មកពីមណ្ឌលខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាល និងនាំយកអំណោយស្បៀងអាហារ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ សាប៊ូ ម៉ាស ចែកជូនប្រជាពលរដ្ឋក្រីក្រ ៥៤០គ្រួសារមកពីស្រុកភ្នំស្រុក៥០០គ្រួសារ និងស្រុកព្រះនេតព្រះ ៤០គ្រួសារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
ជំនួយស្បៀងអាហារនេះក៏មានការចូលរួមជួយឧបត្ថម្ភពី សម្តេចសង្ឃ ព្រះគ្រូចិន ជីងខឺសៀនឡៃ ដែលមានសិស្សគុណ មកចូលរួមចែកជូនដល់បងប្អូន ប្រជាលរដ្ឋ។ ក្រៅពីនេះពិធីសំណេះសំណាល និងចែកអំណោយនោះ ក៏មានការពិសានំបញ្ចុកផងដែរ។
លោក សេរី កុសល បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
អ្នកតំណាងរាស្ត្រ សេរី កុសលក៏បានជម្រាបជូនប្រជាពលរដ្ឋផងដែរ កុំជឿតាមការបំភិតបំភ័យ និងបះបោរតាមរូបភាពផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេសពីសំណាក់ពួកអមិត្ត ជាពិសេសអ្នកដែលយកវិទ្យុបរទេស ធ្វើជាឈ្នាន់ដើម្បីបំភិតបំភ័យប្រទេសជាតិ ក្នុងបំណងបំផ្លាញនូវសន្តិភាព។
អ្នកតំណាងរាស្រ្តខាងលើក៏បានរំលឹកដល់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈលំបាកដោយបញ្ហាជំងឺកូវីដ១៩នេះ សូមរួបរួមគ្នាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ដោយសារតែរាជរដ្ឋាភិបាលមានវិធានការគ្រប់គ្រាន់ទប់ស្កាត់ជំងឺកូវីដនេះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានចំនួនអ្នកឆ្លងតិច និងព្យាបាលជាសះស្បើយជាស្ទើរទាំងស្រុង មិនដូចប្រទេសមួយចំនួនទៀតនៅលើពិភពលោកនោះឡើយ។
អ្នកតំណាងរាស្រ្ត សេរី កុសល ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដថែរក្សាអនាម័យ ដោយលាងដៃ ជាមួយអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាមិនការឆ្លងរីករាលដាលជំងឺនេះយ៉ាងណាក្ដី៕
ដោយ៖ដេលីខ្មែរ