ភ្នំពេញ៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិងសាសនិកឥស្លាម ព្រមទាំងនាំយកនូវអំណោយសប្បុរសធម៏មួយ ចំនួនជាកញ្ចប់អាហារ សម្រាប់ទទួលទាន ក្នុងខែ បួសរ៉ាម៉ាឌន ជូនដល់សាសនិកឥស្លាមចំនួន១០០គ្រួសារ នៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ដែលក្នុងកញ្ចប់អំណោយរួមមាន៖ អង្ករ អំបិល ស្ករសរ ត្រីខ ភេសជ្ជ និងគ្រឿងទេសមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាមួយនឹងការអបអរសាទរ និងជូនពរបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបួសរ៉ាម៉ាឌន លោកក៏ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យនៅតែបន្ត ថែ រក្សាអនាម័យ រស់នៅស្អាត និងអនុវត្ថរាល់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
លោកទេសរដ្ឋមន្ដ្រីបន្ថែមថា៖ ទោះបីរយៈពេលចុងក្រោយនេះ ពុំមានការឆ្លងថ្មី ហើយការព្យាបាលបានជាសះស្បើយស្ទើរទាំងស្រុង តែពុំប្រាកដថា វាអាចមានសុវត្ថិភាព រហូតឲ្យយើងភ្លេចខ្លួន លែងអនុវត្តវិធានការការពារនោះឡើយ។ ផ្ទុយទៅវិញ យើងកាន់តែត្រូវបន្តទប់ស្កាត់ អនុវត្តឲ្យបានកាន់តែល្អប្រសើរ រាល់វិធានការបង្ការនានា ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងប្រជាពលរដ្ឋកម្ពុជាយើងទាំងមូល៕
ដោយ៖សំរិត