ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតផលិតផលទឹកសម្លាប់មេរោគជាង៤០០ដប ក្នុងខណ្ឌចម្ការមន និងធ្វើកិច្ចសន្យាឈប់លក់

(ភ្នំពេញ)៖ មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប (អតីតកាំកុងត្រូល)  នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានដកហូតផលិតផលទឹកសម្លាប់មេរោគម៉ាក B Clean ចំនួន២៣១ដប, ម៉ាក Health Plus ចំនួន១៥៧ដប និងផលិតផលម៉ាក PIAPIAO (ផលិតផលចិន) ចំនួន២៨ដប ពីឱសថស្ថានចំនួនកន្លែង ក្នុងសង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លោក ផាន អូន ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានប្រាប់ Daily Khmer នៅថ្ងៃនេះថា ក្រុមការងារចំពោះកិច្ចខ័ណ្ឌបឹងកេងកង រួមជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានសហការគ្នារ ត្រួតពិនិត្យតាមឱសថស្ថានចំនួន៣កន្លែង ក្នុងទឹកដីខណ្ឌចម្ការមន ដើម្បីស្រាវជ្រាវរកទឹងលាងដៃ ឬទឹកសម្លាប់មេរោគ ដែលបានហាមឃាត់មិនឲ្យធ្វើចរាចរណួលើទីផ្សារ ដោយសង្ស័យថា មិនមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។

លោកបានបន្ថែមថា នៅក្នុងប្រតិបត្តិការនេះ ក្រៅបានដកហូតផលិតមួយចំនួនដូចខាងលើ ក្រុមការងារក៏បានធ្វើការណែនាំដល់អាជីវករ កុំឲ្យទទួលលក់នូវផលិតផលទាំងឡាយណា ដែលមិនស្របច្បាប់ និងដំឡើងថ្លៃខ្ពស់ពេក ជាពិសេសតម្លៃម៉ាស និងតម្លៃទឹកសម្រាប់លាងសម្លាប់មេរោគ ព្រមទាំងបានធ្វើកំណត់ហេតុដកហូត និងឲ្យម្ចាស់ឱសថស្ថានធ្វើកិច្ចសន្យាឈប់លក់ទឹកសម្លាប់មេរោគដែលបានហាមឃាត់។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា ក្រុមមន្ត្រីដដែលនេះ នឹងបន្តពិនិត្យតាមដានតម្លៃប្រេងឥន្ធនៈចំនួន៦ស្ថានីយទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យសុក្រឹតភាពនៃបរិមាណ និងគុណភាពរបស់ប្រេងឥន្ទនៈត្រូវលក់ឲ្យអ្នកប្រើប្រាស់។

សូមរំឭកថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីពេលថ្មីៗកន្លងមកនេះ បានបំផ្លាញចោលអាល់កុលក្លែងក្លាយជិត៧ម៉ឺនលីត្រ ដែលរឹបអូសបាននៅក្នុងទឹកដី រាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល ខណៈឈ្មួញឱកាសនិយមនាំចូលមកលក់បន្លំថា ជាសារធាតុសម្រាប់សម្លាប់មេរោគ ការពារការឆ្លងវីរុស កូវីដ១៩។

ពិធីបំផ្លាញនេះបានធ្វើឡើងនៅស្ថានីយបូមទឹកស្អុយបឹងស្អុយ ទំនប់កប់ស្រូវ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយចាក់អាល់កុលក្លែងក្លាយទាំងនេះ ចូលទៅក្នុងកន្លែងស្តុកទឹកស្អុយតែម្តង។

សូមបញ្ជាក់ថាអាល់កុលក្លែងក្លាយនេះ មានបរិមាណចំនួន៦៤ ៨០០លីត្រ ដែលចាប់រឹបអូសបានជាបន្តបន្ទាប់ កាលពីថ្ងៃទី០១ និងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ខណៈឈ្មួញឱកាសនិយមបាននាំចូល និងលាក់ទុកនៅក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្តាល និងនៅក្នុងទឹកដីខណ្ឌមានជ័យ៕