ខេត្តតាកែវ៖ ដោយមានការសម្របសម្រួលពី ឯកឧត្តម អ៊ូច ភាអភិបាលនៃគណៈអភិបាលខេត្ត តាកែវ នៅវេលាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តតាកែវ ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីរួមមាន៖ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល
លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ និងមានវត្តមាន ពី ឯកឧត្តម អភិបាលនៃគណៈអភិបាលរង អភិបាលនៃគណៈអភិបាលស្រុក តំណាងមន្ទីជុំវិញខេត្ត ប្រជាកសិករ ដែលប្រកបរបរចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម សរុបប្រមាណចំនួន១០០ នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានធ្វើការពន្យល់អំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវផ្សេងៗយ៉ាងលម្អិតដើម្បីទទួលបានឥណទាន និងបន្តអំពាវនាវ និងលើកទឹកចិត្តអោយ បងប្អូន
ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដាក់ពាក្យស្នើសុំឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសនេះ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះតាមរយៈកម្មវិធីនេះ ឥណទានដែលបានផ្តល់ជូន គឺមានអត្រាការប្រាក់អនុគ្រោះបំផុត បើប្រៀបធៀបទៅអត្រាការប្រាក់របស់ធនាគារផ្សេងទៀត ដែលអនុញ្ញាតអោយបងប្អូនទទួលបានចំនេញច្រើន។
ឯកឧត្តម កៅ ថាច ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។
ចុងបញ្ចប់ ឯកឧត្តម កៅ ថាច បានអនុញ្ញាតឱ្យមានវេទិការសំនួរ-ចំលើយ និងលើកជាសំណូមពរមកកាន់ធនាគារ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/012706636/089811148។
ប្រភព៖ https://www.facebook.com/story.php?story_fbid=3001526613224319&id=757960634247606