ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជ្រូកថៃ៦០០ក្បាល នាំចូលខុសច្បាប់ដោយក្រុមហ៊ុន លឹម​ សុីវមុី ត្រូវបានស្ទាក់ចាប់ក្នុងខេត្តត្បូងឃ្មុំ ខណៈប្រុងលួចឆ្លងដែនចូលវៀតណាម

(ត្បូងឃ្មុំ)៖ មន្ត្រីបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ ថ្ងៃទី៨ ខែឧសភា​​​ ឆ្នាំ២០២០ បានស្ទាក់ចាប់រថយន្តពីរគ្រឿង ដឹកជ្រូករស់ចំនួន៦០០ក្បាល ខណៈឈ្មួញព្យាយាមលួចឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយខុសច្បាប់។

យោងរបាយការណ៍របស់មន្ត្រីបសុព្យាបាល បានឲ្យដឹងថា ជ្រូករស់ទាំង៦០០ក្បាលនេះ ត្រូវបានក្រុមហ៊ុន លឹម​ សុីវមុី នាំចូលដោយខុសច្បាប់ ពីប្រទេសថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងបំណងលួចឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម។

ចំណែកកំណត់ហេតុអំពីលទ្ធផលបង្ក្រាប​វិញ បានបញ្ជាក់​ថា រថយន្ដ​​ទាំងពីរគ្រឿងនេះ ​មាន​ម្ចាស់​ឈ្មោះ បឿន គឹ​មស្រេង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោងកាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាអ្នកដឹកជ្រូកខុសច្បាប់ឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ដែលគេល្បីថា ពូកែខាងរកស៊ីឆ្លងដែនខុសច្បាប់។

យោងតាមលិខិតអនុញ្ញាតឲ្យដឹកជញ្ជូន ដែលគេនិយមហៅថា PC (Permit Certificate) បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះ ដឹកជ្រូកលើសកំណត់ និងធ្វើដំណើរខុសគោលដៅ ដែលត្រូវបានកំណត់ក្នុងលិខិតស្នើ និងផ្ទុយពីលិខិតអនុញ្ញាត។

មន្ត្រីបសុព្យាបាល បានបញ្ជាក់បន្ថែម​ថា ក្រុមហ៊ុន លឹម ស៊ីវ​ម៉ី បាន​ដឹក​ជ្រូក​រស់​ហួសការ​កំណត់ ដែល​ច្បាប់​អនុញ្ញាតឲ្យដឹកត្រឹមតែ៤០ក្បាល​ប៉ុណ្ណោះ ​ក្នុង​មួយ​រថយន្ដ ប៉ុន្តែបែរជាហ៊ានដឹកបែបបន្លំភ្នែកច្រើនហួសហេតុ និងខុសគោលការណ៍កំណត់ក្នុងច្បាប់។

ប្រជាពលរដ្ឋក្នុងខេត្តត្បូឃ្មុំ ដែលបានឃើញសក្មភាពដឹកជញ្ជូន និងឃើញវិធានទប់ស្កាត់ កាលពីយប់មិញនេះ បានសំណូមពរដល់លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គួរពិនិត្យលើលទង្វើរបស់ក្រុមហ៊ុន លឹម សុីវមុី​ ដែលតែងតែដឹកសត្វរស់ឆ្លងកាត់ ឬចូលទឹកដីកម្ពុជាដោយខុសច្បាប់៕