ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

លិខិត​បំភ្លឺ​
​ខ្ញុំបាទ​ឈ្មោះ សោម សុខ​រ៉ា​ឌី អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ២ ផ្លូវ​លេខ ១៣(​បូរី​ប៉េង​ហួត​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លេខ ទូរស័ព្ទ ០៩៩ ២១០ ០០៦។

សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖

ខ្ញុំបាទឈ្មោះ សោម សុខរ៉ាឌី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ២ ផ្លូវលេខ ១៣ (បូរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  លេខទូរស័ព្ទ ០៩៩២១០០០៦

 គោរពជូន លោកនិពន្ធនាយកការសែតរស្មីកម្ពុជា

កម្មវត្ថុ៖    សំណើសុំបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០  ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”។

យោង៖    សាលក្រមរដ្ឋប្បវេណីលេខ ៥០៩ “ធ” ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបានសូមជម្រាបជូន លោកនិពន្ធនាយក ​​ឲ្យបានជ្រាបថា៖ នៅក្នុងកំឡុងឆ្នាំ ១៩៩៤ ទៅឆ្នាំ១៩៩៦ ខ្ញុំបាទបានប្រមូលទិញដីស្រែ និងដីដាំឪឡឹកពីប្រជាពលរដ្ឋ (ដីគោក) នៅតំបន់បឹងតាមោក ដោយដាក់ឈ្មោះអតីតភរិយាឈ្មោះ ជូ ដារ៉ារ៉េត ហៅ ធារី (ឈ្មោះជប៉ុន ASAKURA MASAKO)  ទាំងអស់ ហើយយើងទាំងពីរនាក់បានសម្រេចលក់ដីប្រហែលជាង ៥០ ហិកតា ទៅឲ្យអ្នកវិនិយោគជប៉ុន ដោយការទិញ-លក់នោះមានការទទួលស្គាល់ដឹងលឺពីអាជ្ញាធរភូមិឃុំ និងនៅពេលក្រោយមកទៀតខ្ញុំបាទបានទទួលដំណឹង​ថាដីតំបន់នោះត្រូវបានដាក់ចូលទៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

ខ្ញុំបាទពិតជាមានការភ្ងាក់ផ្អើល និងនឹកស្មាន់ពុំដល់ចំពោះករណីសារព័ត៌មានរស្មីកម្ពុជា ចុះផ្សាយ​​​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ មានខ្លឹមសារថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ

  • គឺ​ហាម​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​មួយ​ទីតាំង​ដី​ទំហំ​ ៥១.២​៣ ​ហិកតា ស្ថិតនៅ​ក្បែរ​បឹង​តា​មោក សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ក្រសួងយុត្តិធម៌ ត្រូវអនុវត្ត​តាមច្បាប់​ចំពោះ​ឈ្មោះ​សោម សុខ​រ៉ា​ឌី​។​
  • ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាប​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តាមរយៈ​លិខិត​លេខ​៤៧៥ សជណ.ដប. ​ចុះ​ថ្ងៃទី​២២ ​ខែមេសា ​ឆ្នាំ​២០២០ ​ថា រាជរដ្ឋាភិបាល​មិន​ចុះបញ្ជី​ផ្តល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​មួយ​ទីតាំង​ដី​ទំហំ​ ៥១.២៣​ហិកតា ស្ថិតនៅ​ក្បែរ​បឹង​តា​មោក សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​ទីតាំង​ខាងលើ​ជា​ដី​សាធារណ​របស់​រដ្ឋ​។​
  • ​នៅក្នុង​លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខាដោយ​លោក ឈួន សុធី រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី​នេះ​បាន​សរសេរ​ទៀតថាក្រសួងយុត្តិធម៌​ត្រូវអនុវត្ត​តាមច្បាប់​ចំពោះ​ឈ្មោះ      សោម សុខ​រ៉ា​ឌី ដើម្បី​ចៀសវាង​បុគ្គល​នេះ ធ្វើ​សកម្មភាព​ដដែលៗ នាំឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ឯកជន​។​

កន្លងមកខ្ញុំបាទពុំធ្លាប់បានធ្វើលិខិតស្នើសុំផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅតំបន់បឹងតាមោក ដូចតាមការលើកឡើងនៅក្នុងទំព័រសារព័ត៌មាន ឬលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឡើយ ព្រោះយោងតាមអង្គហេតុខាងលើ និង​ សាលក្រមរដ្ឋប្បវេណីលេខៈ ៥០៩ “ធ” ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​​កាត់យកទ្រព្យសម្បត្តិទាំងអស់​របស់​ខ្ញុំបាទ ទៅឲ្យកូនទាំងបីដែលនៅក្រោមការគ្រប់គ្រងរបស់អតីតភរិយា (ពុំមានសំបុត្រអាពាហ៍ពិពាហ៍) ​​​រួចអស់ទៅហើយ។ ម្យ៉ាងវិញទៀតរាល់លិខិតស្នាមច្បាប់ដើមទាំងអស់ពាក់ព័ន្ធនឹងដីនៅតំបន់នោះក៏ត្រូវបានអតីតភរិយាខ្ញុំបាទរៀបចំ និងប្រមូលយកទៅជាមួយនៅថ្ងៃដែលគាត់ចុះចេញពីលំឋានដោយមិនបានឲ្យខ្ញុំបាទដឹងពីមូលហេតុជាមុន​។​ ខ្ញុំបាទពុំដែលបានធ្វើការស្នើសុំប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុលើដីទំហំ៥១.២​៣ ​ហិកតា ស្ថិតនៅ​ក្បែរ​បឹង​តា​មោក  និងមិនដែលដើរប្រព្រឹត្តសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយខ្ញុំបាទពិតជាពុំអាចទទួលយកបានជាដាច់ខាតចំពោះការចោទប្រកាន់ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង  សេចក្តីថ្លៃថ្នូររបស់ខ្ញុំបាទ។

ហេតុដូច្នេះ​ខ្ញុំបាទសូមធ្វើការបដិសេធទាំង​ស្រុង​លើការចុះផ្សាយ​​ព័ត៌មានពាក់​ព័ន្ធ​នឹងការស្នើ​សុំធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និង​ការចោទប្រកាន់ចំពោះរូប​ខ្ញុំបាទថា​​​​​​បានធ្វើ​​សកម្មភាពដដែល​ៗ​​នាំឲ្យ​ប៉ះពាល់ដល់គោលនយោបាយ​របស់រាជរដ្ឋាភិបាល​លើវិស័យឯកជន។​​ ផ្ទុយទៅវិញខ្ញុំបាទគឺពាណិជ្ជករមួយរូបដែលតែងតែនាំជនជាតិជប៉ុនមកដាក់ទុនវិនិយោគតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកសាងសម្ធិផលផ្សេងៗជូនប្រទេសជាតិ ជាពិសេសនៅក្នុងទសវត្សរ៍ទី៩០ ខ្ញុំបាទគឺជាវិស្វករជនជាតិខ្មែរមួយរូប ដែលតំណាងឲ្យភាគីជប៉ុនក្នុងការកសាងស្ពានមិត្តភាពកម្ពុជាជប៉ុន(ស្ពានជ្រោយចង្វារ)។

អាស្រ័យ​ដូចបាន​ជម្រាបជូន​​ខាងលើ​ សូម លោកនិពន្ធនាយក មេត្តាពិនិត្យ​ និង​ទទួលយក     សេចក្តីដូចបានបំភ្លឺ​តាម​ខ្លឹម​សារ​ដែល​ខ្ញុំបាទ​បាន​​បញ្ជាក់ជូន​ខាងលើ​ ដោយក្តីអនុគ្រោះ​​​។​

សូម លោកនិពន្ធនាយក ទទួលនូវការគោរពរាប់អានអំពីខ្ញុំបាទ។

ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០