(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចេញផ្សាយសៀវភៅជាភាសាអង់គ្លេសស្តីពីប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។
បើតាមការរៀបរាប់របស់លោក ឆាយ សុផល សៀវភៅនេះមានចំណងជងថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” មានន័យជាភាសាខ្មែរថា «ប៊ុន រ៉ានី – ភរិយាបុរសខ្លាំងនៃកម្ពុជា»។
លោក ឆាយ ផុល បានប្រាប់អ្នកសារព័ត៌មានថា សៀវភៅនេះ បានបកប្រែពីសៀវភៅជាភាសាខ្មែរ ហើយសៀវភៅជាភាសាខ្មែរនេះ បានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩មក ប៉ុន្តែសៀវភៅជាភាសាអង់គ្លេសមានបន្ថែមរូបភាពខ្លះ ស្តីពីពិធីបុណ្យសពរបស់អ្នកម្តាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសប្តាហ៍មុន ដែលលោកក៏បានទៅចូលរួមដែរ។
លោកបញ្ជាក់ថា «ដោយសារខ្ញុំបានទទួលសារតាមអ៊ីម៉េលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមានសំណើពីបណ្ណាគារខ្លះ នៅរាជធានីភ្នំពេញថា ពួកគេចង់បានសៀវភៅពីប្រវត្តិរបស់ស្រ្តីទី១នៃកម្ពុជា ទើបខ្ញុំប្រឹងប្រែងធ្វើសៀវភៅនេះជាភាសាអង់គ្លេស។ ការធ្វើសៀវភៅមួយច្បាប់ៗ គឺពិតជាមិនងាយស្រួលពេកទេ តែធ្វើដូចម្តេច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះទៅហើយ»។
បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះ បានឲ្យដឹងថា សៀវភៅ ដែលចំណងជើងជាភាសាអង់គ្លេសសរសេរថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” ត្រូវបានបកប្រែដោយក្រុមជំនាញ និងមានការកែសម្រួលពីជនជាតិអាមេរិក។
នៅក្នុងទំព័រថ្លៃងអំណរគុណបានបង្ហាញថា លោក ឃួង ស្រេងអភិបាលក្រុងភ្នំពេញបានជួយ បោះសៀវភៅនេះចំនួនមួយម៉ឺនច្បាប់។ បើតាមការបញ្ជាក់ពីលោក ឆាយ សុផល សៀវភៅនេះក៏ជាចូលរួមចំណែកអបអរចំពោះសម្តេចទាំងពីរដែលមានចៅទី២១ នៅសប្តាហ៍នេះដែរ។
បន្ទាប់ពីសៀវភៅនេះទៅ លោក ឆាយ សុផល បានបញ្ជាក់ថាសៀវភៅ «បងប្អូនប្រុសទាំង៣» ដែលរៀបរាប់ពីសាវតារកូនប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិនដែរ នៅខែក្រោយនេះ ខណៈសៀវភៅសម្តេចតេជោ ដែលមានចំណងជើងថា «ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស នៅក្នុងអំឡុងខែសីហាឆ្នាំនេះ៕