ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យម្ចាស់ភោជនីយដាន ដែលកំពុងប្រកបអាជីវកម្ម មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ បើទោះបីកម្ពុជា មានអ្នកជាសះស្បើយពីជំងឺនេះទាំងអស់យ៉ាងណាក៏ដោយ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ បានចេញសេចក្តី ជូនដំណឹងដោយបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ ៖
១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។
២-ត្រូវរៀបចំអោយមានទឹកអាល់កុលឬជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និង ត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាននិងអាហារដ្ឋាន ។
៣-ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អភិបាលរាជធានីភ្នំពេញ បន្ថែមថា «ក្នុងករណី ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវ កម្មភោជនីយដ្ឋាន និងអាហារដ្ឋានជាបណ្តោះអាសន្ន»៕