ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះថា (វះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូន ឥឡូវក្លាយជាជនពិការស្លាប់មួយចំហៀងខ្លួន) ។
ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ និងប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមគ្រួសារជនរងគ្រោះ បានស្នើរសុំឲ្យគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ» ទទួលខុសត្រូវលើករណីនេះ។ តែក្រុមគ្រូពេទ្យមិនព្រមទទួលខុសត្រូវ និងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េច ព្រោះវាជារឿងអ្នកជំងឺ ហើយថា អ្នកជំងឺកើតព្រាយក្រឡាភ្លើងទៅវិញ ។
លោក សាត ណាត អាយុ៤៧ឆ្នាំ ជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះ បាននិយាយប្រាប់សារព័ត៍មានក្នុងស្រុកថា កូនស្រីរបស់គាត់ ទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីបានឈឺពោះ ហើយបានទៅសម្រាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ។ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពេលនោះក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា កូនលើសថ្ងៃកើតហើយ អត់ព្រមកើត ហើយសុខភាពមិនសូវល្អ គឺខ្សោយណាស់ បើកើតធម្មជាតិមិនល្អទេ គឺតម្រូវឲ្យវះកាត់ បើមិនវះកាត់ទេ គឺកូនគាត់អាចនឹងបាត់បង់ជីវិត។
បន្ទាប់ពីឮគ្រូពេទ្យប្រាប់បែបនេះ ទើបក្រុមគ្រួសារព្រមឲ្យពេទ្យធ្វើការវះកាត់ ហើយពេទ្យបានធ្វើកិច្ចសន្យាផ្ដិតមេដៃ និងប្រគល់លុយថ្លៃវះកាត់ចំនួន ៦៥០ដុល្លាររួចរាល់នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល រួចចូលបន្ទប់វះកាត់រយៈពេលប្រហែល កន្លះម៉ោងទើបរួចរាល់។
លោកសាត ណាត បានបញ្ជាក់ថា ក្រោយពីវះកាត់យកកូនចេញរួច រយៈពេល១ម៉ោង កូនស្រីគាត់ចាប់ផ្ដើមធ្វើទុក្ខខ្លាំងដោយឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង គាត់និងក្រុមគ្រួសារក៏សួរ គ្រូពេទ្យ ហើយពេទ្យបានប្រាប់ថា តាមដានបន្តិចសិន ការវះកាត់ គឺតែងតែមានការឈឺចាប់បែបនេះ។
គាត់ក៏បានស្នើសុំឲ្យបញ្ជូនកូនទៅរកមន្ទីរពេទ្យធំៗ ដែលមានជំនាញជាងនេះ ប៉ុន្តែពេទ្យថា តាមដាន សិន និងអះអាងថា កូនស្រីគាត់កើតព្រាយក្រឡាភ្លើងទៅវិញរហូតដល់វេលាម៉ោង ៦ល្ងាចថ្ងៃដដែល កូនកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏និយាយថា «បើសិនជាកូនស្រី ខ្ញុំមានបញ្ហាអ្វីកើតឡើង ខ្ញុំនឹងប្ដឹងពេទ្យហើយ»។
ពេលនោះពេទ្យ បានទាក់ទងហៅរថយន្តសាមុយ មន្ទីរពទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) មកដឹកយកកូនស្រីគាត់ទៅសង្រ្គោះបន្ទាន់ដោយមានគ្រូពេទ្យម្នាក់ទៅជាមួយដែរ។ ពេលទៅដល់ គ្រូពេទ្យម្នាក់នោះទុកកូនគាត់ចោលរួចចាកចេញទៅបាត់។
ចំណែកគ្រូពេទ្យព្រះកុសុមៈ បានប្រាប់គាត់ថា កូនស្រីគាត់មានឈាមហូរដក់ចូលស្បូនច្រើន ទើបចុកព្រមទាំងដាច់ សសៃឈាមថែមទៀត ហើយគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ បានធ្វើការវះកាត់ឡើងវិញ យកឈាមនោះចេញព្រមទាំងកាត់ស្បូនចោលតែម្ដង ទើបរួចផុតពីស្លាប់ ។ ប៉ុន្តែអាចស្លាប់មួយចំហៀងខ្លួន និងមានសតិខុសប្រក្រតីដូចជាក្មេងអាយុ២ឆ្នាំអញ្ចឹង។
គ្រួសារជនរងគ្រោះបាននិយាយថា រយៈពេល៩ថ្ងៃហើយ មិនដែលឃើញក្រុមគ្រូពេទ្យ និងម្ចាស់មន្ទីរ សម្រាកព្យាបាល និងសម្ភព សុវណ្ណឌីចោមចៅ អើពើទៅសួរនាំឬមើលនោះឡើយ ពេលនេះគាត់បានសុំឲ្យទទួលខុសត្រូវ ប៉ុន្តែគ្រូពេទ្យទាំងនោះមិនព្រមទទួលខុសត្រូវឡើយ។
សារព័ត៍មានដេលី ខ្មែរ មិនអាចទាក់ទងសុំការបំភ្លឺពីគ្រូពេទ្យមន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌីបានឡើយ ៕