កណ្តាល៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ មកពី៣២គ្រួសារ មានលំនៅក្នុងឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីសំណាក់ក្រុមឈ្មួញ មកលើដីស្រែរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យផល រាប់សិបឆ្នាំកន្លងមកហើយ។
ការតវ៉ានេះ បានកើតឡើងខណៈគ្រឿងចក្របួនគ្រឿង កំពុងឈូសឆាយ កាយប្រឡាយ លើកទន្ទប់ ព័ទ្ធយកដីរបស់ពួកគាត់ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានទំហំជាង៨០ហិកតា។
ពួកគាត់បានតវ៉ាថា លោក ថាច់ ថង ដែលពួកគាត់ឮឈ្មោះតៗ បានវាទយកដីរបស់ពួកគាត់ ទាំងបំពានច្បាប់ ដោយមិនស្តាប់ការណែនាំពីអាជ្ញាធរមូកដ្ឋាន ប៉ុន្តែអាងអំណាចបុណ្យស័ក្តិ និងទឹកប្រាក់ ធ្វើទង្វើទាំងបំពានច្បាប់។
យោងតាមលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនលោក ថាច់ ថង បានឲ្យដឹងថា សកម្មភាពឈូសឆាយ ជីកប្រឡាយ លើកទំនប់ មិនអាចបន្តទៅទៀតបានទេ ក្នុងករណីមានការតវ៉ាពីប្រជាពលរដ្ឋ ដែលមានឯកសារត្រឹមត្រវបញ្ជាក់ពីកានកាប់ ឬអាស្រ័យផលស្របច្បាប់។
លោកអភិបាលខេត្តបានសរសេរប្រាប់ថា «ប្រសិនបើមានការប្តឹងជំទាស់ អ្នកប្តឹងមានឯកសារកាន់កាប់ជាភស្តុតាងត្រឹមត្រូវ ត្រូវផ្អាកសកម្មភាពនៅចំណុច ដែលមានទំនាស់នោះជាបណ្តោះ»។
នៅក្នុងឯកសារដដែលមានបញ្ជាក់ទៀតថា លោក ថាច់ ថង មានឋានៈ «ឯកឧត្តម» ថែមទៀតផង តែមិនបានបង្ហាញតួនាទីនៅស្ថាប័នមួយណាឡើយ។
លោក ចាន់ ធូ អាយុ៨១ឆ្នាំ ជាមេឃុំគគីធំ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នា២០២០នេះ បានមានប្រសាស៍រៀបរាប់ពីសាវតាដីនេះថា មូលហេតុឲ្យមានវិវាទដីធ្លីនេះ គឺបង្កឡើងដោយក្រុមឈ្មួញ ដែលធ្វើសកម្មភាពបំពានសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ នៅក្នុងឃុំរបស់លោក។
លោកមេឃុំបានមានប្រសាសន៍ ប្រាប់ Daily-Khmer ដូច្នេះថា «មានបញ្ហា ដោយសារ ចាច់ ថង ខ្វះដី។ ចំណែកក្រុមការងារចុចប្លង់ដី [Global Map] គ្របយកដីរបស់គាត់»។
លោកបានរំឭកទៀតថា ករណីវិវាទនេះ កើតឡើងក្រោយមានពាក្យចចាមអារ៉ាមពីការបែងចែកជាថ្មីនូវព្រំប្រទល់រដ្ឋបាលឃុំ ហើយបានកាត់ដីនេះចេញពីឃុំគគីធំ ចូលទៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
នៅលើទំនប់ទើបលើកថ្មី និងក្រោមកម្តៅព្រះអាទិត្យ, ពលរដ្ឋតវ៉ា កាន់រូបប្រមុខដឹកនាំកម្ពុជា និងនិយាយទាមទារឲ្យក្រុមឈ្មួញបញ្ឈប់សកម្មភាពទន្ទ្រានយកដីរបស់ពួកគាត់ បើមិនដូច្នេះទេ ពួកគាត់នឹងបន្តការតវ៉ា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ដែលត្រូបានធានាដោយច្បាប់។
ចំណែក លោក ថាច់ ថង ដែលអ្នកតវ៉ានិយាយថា បំពានយកដីនេះ Daily- Khmer មិនអាចសុំការបកស្រាយបានទេ ចំណែកនៅកន្លែងវិវាទ ក៏មិនមានតំណាងចេញមុខបកស្រាយដែរ៕