សៀមរាប៖ ក្រុមអ្នកអភិរក្សរបស់អង្គការគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ(Korea-Cambodia Nat ural Recreation Forest) បានចេញផ្សាយថា ក្រុមការងាររបស់ខ្លួនបានថតបាន សំពោចក្រអូប ឬ សំពោចត្នោត ជាច្រើន នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំដី១,៨៨៨ហិកតា ជាតំបន់លំហែកាយធម្មជាតិ ក្នុងខេត្តសៀមរាប ។
សំពោចក្រអូប ជាសំពោចមានមាឌតូច មានពណ៌ ប្រផេះ ឬត្នោត ត្រចៀក ជើង និង ផ្នែកចុងនៃកន្ទុយពណ៌ខ្មៅ ថ្ងាសមានពណ៌ស មានឆ្នូតខ្មៅនៅចំកណ្តាលផ្ទៃមុខពណ៌ខ្មៅ ប៉ុន្តែមានឆ្នូតសនៅខាង ក្រោមភ្នែក និងសងខាងចម្រុះ។ ចំណែកនៅលើខ្នងមានឆ្នូត ខ្មៅ៣ និងនៅសងខាងខ្នងមានអុចៗខ្មៅ ហើយរោមនៅកមានច្រើនដែលបង្កើតជាគន្លាក់ៗ។
សំពោចនេះមានក្លិនក្រអូប ប៉ុន្តែមានក្លិនឈួលខ្លាំងនៅពេលដែលវាមានការភ័យ ខ្លាច នឹងអ្វីមួយ។ វាមានឈ្មោះខ្មែរ សំពោចក្រអូប ឬសំពោចត្នោតឈ្មោះក្នុងតំបន់ Common Palm Civet និងឈ្មោះវិទ្យាសាស្រ្ត Paradoxurushe rma phrodites ។
ក្រុមអ្នកអភិរក្សបានឱ្យដឹងថា សំពោចក្រអូប មានវត្តមាននៅ ព្រៃគ្រប់ប្រភេទ រួមទាំងវាលស្រែ ចម្ការដំណាំ និងក្បែរភូមិផងដែរ។ វាចូលចិត្តនៅកន្លែង ងងឹតៗ តាមជង្រុក ទ្វារបង្ហូរទឹក ឬដំបូលផ្ទះនៅពេលថ្ងៃ និងនៅពេលយប់វាចេញរកចំណី ដូចជាកណ្តុរ នៅតាមចម្ការស្វាយ កាហ្វេ ម្នាស់ជាដើម។ វាបន្តពូជពេញមួយឆ្នាំដោយមានកូន នៅខែតុលា និងធ្នូ ក្នុងមួយលើកៗ វាអាចមានកូន២ ទៅ ៤ក្បាលនៅតាមរូងថ្ម ឬប្រហោងឈើ។
ចំពោះអាយុកាលរបស់វាប្រហែល១៤ឆ្នាំ។ សំពោចក្រអូប ស្ថិតក្នុងប្រភេទមានដោយបង្គួរ និងបានចុះក្នុងបញ្ជីក្រហម IUCN (LC) ថាជាប្រភេទសត្វរងគ្រោះថ្នាក់តិចតួច។ នៅក្នុងប្រទេសកម្ពុជា វាជាប្រភេទកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការបាត់បង់ទីជម្រក និងទាក់ចាប់ដើម្បីធ្វើពាណិជ្ជកម្ម ៕