ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត កាលពីសប្តាហ៍កន្លងទៅនេះ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានថវិកា និងសម្ភារ:មួយចំនួន ដូចជា ខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុស ធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃវេជ្ជសាស្ត្រ និងម៉ាស់ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “។
លោក គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ។ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួមចំណែក ជួយសង្គ្រោះជីវិតមនុស្ស ។ នេះការលើកកម្ពស់គោលការណ៍គ្រឹៈនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ និងគ្រោះធម្មជាតិនានា មានដូចជា ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀតបានទាន់ពេលវេលា។
លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន អាជីវករ ពាណិជ្ជករ ក្នុងខេត្ត និងក្រៅខេត្តបន្តចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយសាខានឹងរង់ចាំទទួលអំណោយមនុស្សធម៌គ្រប់ពេលវេលា៕