កោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ រដ្ឋបាលជលផល និងអង្គការ សមាគមអភិរក្សសត្វព្រៃ រៀបចំចង ក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង ឱ្យបានគង់វង ក្នុងទឹកដីខេត្តកោះកុង។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹម អណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។
លោក អ៊ិត ហ៊ុល អ្នកបច្ចេកទេស និងចិញ្ចឹមសត្វបានឲ្យដឹងថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល បានប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស ។ គម្រោងនេះចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកពីអង្គការWCS និងបានវិវឌ្ឍជាបន្តបន្ទាប់ បច្ចុប្បន្នកសិដ្ឋានមានមេបាពូជ ចំនួន ២០៤ក្បាល។
លោក អ៊ិត ហ៊ុល បានបញ្ជាក់ថា អណ្តើកហ្លូង ជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ ហើយនៅលើពិភពលោក មាននៅប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដេស និងកម្ពុជា មានតែនៅខេត្តកោះកុង ដែលមានលក្ខណៈបរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះ រស់នៅបន្តពូជបាន។
លោករដ្ឋមន្ត្រីវេង សាខុន បាន ណែនាំឱ្យរដ្ឋបាលជលផល ត្រូវសហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង យើងឱ្យបានគង់វង្ស៕