កោះកុង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត នៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង។
លោក រតនា តំណាងឱ្យក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន Greenrich group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី ក្នុងចំណោម ១០ ក្រុមហ៊ុនដែលផលិតក្រដាសធំជាងគេលើពិភពលោក។
លោក រតនា បន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន ១០ ០៧៧ហិកតា ក្នុងស្រុកត្រពាំងរូង ខេត្តកោះកុង ក្នុងឆន្ទ:គឺ “ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិតក្រដាសផ្តល់ប្រយោជន៍ដល់មនុស្សលោក”។ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ដាំដុះបាន ៥៨៧៧ហិកតា ហើយក្រុមហ៊ុន បាននាំចេញចំណិតឈើសរុបជាង ១១ម៉ឺនតោន (ឈើរបស់ក្រុមហ៊ុន និងឈើប្រមូលទិញពីចំការឯកជន)។ ក្នុងអំឡុងប្រតិបត្តិការ ក្រុមហ៊ុនត្រូវការពលកម្មចំនួន ២៥០០នាក់។
ទិសដៅអនាគត ក្រុមហ៊ុននឹងសហការជាមួយក្រសួងបរិស្ថានដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងជាមួយអាជ្ញាធរខេត្តដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ ចាប់ផ្តើមប្រមូលផលឈើ និងដាំដុះឡើងវិញ ដើម្បីផ្តល់ប្រយោជន៍សម្រាប់សង្គម បរិស្ថាន និងសេដ្ឋកិច្ច និងជាពិសេសសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំផែនការដាំឈើក្នុងឆ្នាំ២០២០ នេះ។
លោករដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ដូចជាការដាំ និងប្រមូលផលក្នុងក្រុមហ៊ុន និងពីដៃគូដាំ ជាពិសេសបាននាំចេញចំណិតឈើ។ នេះគឺជាឆន្ទ:របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការដាំឈើឧស្សាហកម្មប្រយោជន៍បង្កើតគម្របព្រៃឈើ រក្សាលំនឹងបរិស្ថាន ទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម តាមរយ:ធ្វើការផ្គត់ឈើស្រស់ជាវត្ថុធាតុដើមឱ្យទៅរោងចក្រកែច្នៃគ្រឿងសង្ហារឹម និងវិស័យសំណង។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីការពារដីព្រៃ និងទប់ស្កាត់ការរំលោភយកដីធ្វើជាកម្មសិទ្ធ ៕