ភ្នំពេញ៖ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានទទួលព្រះតង្វាយ ជាថវិកាចំនួនមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា ដើម្បីព្រះរាជសកម្មភាពមនុស្សធម៌។
ពិធីថ្វាយព្រះដង្វាយនេះ ត្រូវបានរៀបចំឡើង នាមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង តាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងក្រាបថ្វាយតង្វាយជាថវិកាចំនួនប្រាំសែនដុល្លារ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងប្រាំសែនដុល្លារ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ ដ៏ប្រពៃថ្លៃថ្លាជាប្រវត្តិសាស្រ្តនៃព្រះអង្គទាំងទ្វេ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ស្ថិតក្នុងឱកាសនេះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ស្តេចសព្វព្រះរាជហឫទ័យប្រោសប្រទាន នូវសាប៊ូដុំចំនួន ៣០កេស ស្មេីនឹង២,១៦០ដុំ ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនដល់ប្រជារាស្ត្រងាយរងគ្រោះបំផុត នៅក្នុងស្ថានភាពជំងឺកូវីដ-១៩នេះផងដែរ៕