ត្បូងឃុំ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយគោលការណ៍ឥណទានរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក តាមរយះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ផ្តល់ជូន ដល់ប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ។
ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លងកូវីដ-១៩ និងបញ្ហា EBA ជាដើម។
លោកកៅ ថាច មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខមួយចំនួនផងដែរ។
លោក កៅ ថាច បន្តទៀតថា ដើម្បីងាយស្រួលរកទីផ្សារ ចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើឲ្យតំលៃធ្លាក់ចុះ។ ដោយឡែកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការទំលាក់ឥណទានគ្រប់ពេលវេលាសម្រាប់ជួយដល់បងប្អូនដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌរបស់ធនាគារ។
សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសចំនួន ៥០លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល បានចំនួន ៨ខេត្តរួចមកហើយ និងមានអ្នកចូលរួមសរុបចំនួនប្រមាណជាង ១០០០នាក់។ គិតមកដល់ថ្ងៃនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាសធុនតូច និងមធ្យម បានចំនួន ២៦០ពាក្យ ដែលមាន ទំហំឥណទានប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក ៕