មួយរយៈពេលចុងក្រោយនេះភាពតានតឹងនៅអាមេរិចកាន់តែខ្លាំង ណាមួយជំងឺកូវីដ១៩បានឆ្លងដល់ប្រមាណ២ លាននាក់ ជាបន្ទុកបន្ថែមទៀតគឺ ការចេញធ្វើបាតុកម្មក្រោយពេលដែលប៉ូលីសបានយកជង្គង់សង្កត់ ក លោកចច ផ្លយ ជាជាតិអាមេរិចស្បែកខ្មៅរហូតដល់ដាច់ខ្យល់ស្លាប់ ទាំងលោកផ្លយ បានស្រែកជាច្រើនដងថា មិនអាចដកដង្ហើមបាន។
រឿងរ៉ាវទាំងនេះក៏ធ្វើអោយឃើញកាន់តែច្បាស់ នូវសារជាតិក្រុមអ្នកបំរើបរទេស ដែលតែងតែបន្ទោសបង្អាប់កម្ពុជាតាមរយៈមេក្រូបរទេស និយាយភាសាខ្មែរ។
ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលតែងតែដើតួជាសេកនិយាយតាមការបង្ហាត់បង្រៀនបរទេសគេ បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ Sic។
ការនិយាយផ្សាយបែបនេះ គឺដើម្បីការពារប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃសង្កត់កនេះ។
វាពិតជាអស់សំណើចណាស់ ពេលពួកគេនិយាយតាមប្រព័ន្ធផ្សព្វផ្សាយបែបនេះ បើនៅកម្ពុជាវិញ ព្រឹត្តិការណ៍អ្វីមួយក៏ដោយអោយតែកើតឡើង វិទ្យុអាស៊ីសេរី និងប្រេដអាដាមតែងតែវិភាគវែកញែកចោទទម្លាក់កំហុសទៅលើសមត្ថកិច្ចកម្ពុជាទាំងមូល និងចោទទៅលើប្រមុខថ្នាក់ដឹកនាំកម្ពុជា តែម្តងថា ជាអ្នកនៅពីក្រោយខ្នង ជាអ្នកបញ្ជាសមត្ថកិច្ចអោយធ្វើជាដើម។ល។
-តើហេតុអ្វីបានជាពួកគេប្រើស្តង់ដាខុសគ្នារវាងកម្ពុជា និងបរទេស?
ចំលើយបានបង្ហាញច្បាស់ សូម្បីតែកូនក្មេងក៏អាចយល់បាន ដោយពួកគេចង់ការពារប៉ូលិសអាមេរិក ការពាររដ្ឋបាលអាមេរិច ចំណែកកម្ពុជាវិញ ពួកគេចង់មួលបង្កាច់ទម្លាក់កំហុសលើរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចកម្ពុជា បើទោះបីជាទង្វើរបស់សមត្ថកិច្ចកម្ពុជាខិតខំលៈបង់កំលាំងកាយចិត្តការពារជាតិ ការពារសន្តិភាពក៏ដោយ ក៏ពួកអ្នកបន្ទោសបង្អាប់នោះ មិនដែលផ្សាយកោតសរសើរដែរ។
ទាំងអស់នេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញពីចេតនាទុច្ចរិតរបស់ពួកស្តង់ដាច្រើន!
អ្វីដែលគួរឲ្យអស់សំណើចជាងនេះ ជុន ច័ន្ទបុត្រ និង ប្រេដ អាដាម បានអះអាងថា ប៉ូលលិសអាមេរិក មិនបានប្រើហិង្សាលើបាតុករទេ ផ្ទុយទៅវិញ ប៉ូលិសថែមទាំងជួយសម្របសម្រួលដល់ក្រុមបាតុករទៅវិញទេ ខណៈដែលប៉ូលិសអាមេរិចបានចាប់ចងស្លាកសេកបាតុករពេញផ្លូវ ថែមទាំងប៉ូលិសវាយទៅលើបាតុករ រហូតដល់មានទាំងបាតុករជាស្ត្រី ជាមនុស្សចាស់ផងដែរ ប៉ូលិសបើក
ឡានបុកក្រុមបាតុករ ប៉ូលិសបានបាញ់គ្រាប់ជ័រម្រេច និងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករ។ល។
តើសកម្មភាពទាំងនេះពួកអស់លោកបំរើបរទេសយល់ថាយ៉ាងម៉េច?
អ្នកធ្លាប់ចោទសមត្ថកិច្ចកម្ពុជាថា ប្រើអំពើហឹង្សាលើបាតុករ ចោទថា រំលោភសិទ្ធិមនុស្ស ? ចុះការបង្ក្រាប់របស់សមត្ថកិច្ចអាមេរិចទៅលើបាតុករ មិនប្រើហឹង្សាទេឬ? មិនរំលោភសិទ្ធិមនុស្សទេឬ?
បើរំលឹកទៅចុងឆ្នាំ២០១៣ដល់ដើមឆ្នាំ២០១៤វិញ ពេលនោះក្រុមអតីតបក្សប្រឆាំងសង្រ្គោះជាតិបានដឹកនាំធ្វើបាតុកម្មញុះញង់ប្រជាពលរដ្ឋស្លូតត្រង់ចេញធ្វើបាតុកម្ម រហូតដល់ដឹកនាំបាតុករដើរវាយកម្ទេចទ្រព្យសម្បតិ្តសាធារណៈ ប្រើដុំថ្មគប់ទៅលើសមត្ថកិច្ចអោយរងរបួស ប្រើដបសាំងគប់ដុតកម្ទេចទីសាធារណៈ ដុតរថយន្ត និងទៅលើសមត្ថកិច្ច ធ្វើអោយប្រជាពលរដ្ឋ ជាពិសេសនៅភ្នំពេញបិទអាជីវកម្ម មិនហ៊ានរកស៊ី។
ពេលនោះក្រុមអ្នកផ្សាយបំរើបរទេសស្តង់ដាច្រើន និងពួកគូរកននយោបាយប្រឆាំងដឹកនាំបាតុកម្មនេះបានផ្សាយជាសាធារណៈថា បាតុកម្មអហឹង្សាទៅវិញ មិនតែប៉ុណ្ណោះបែរជាចោទទៅលើសមត្ថកិច្ចកម្ពុជាថា រំលោភសិទ្ធិបញ្ជេញមតិរបស់បាតុករទៅវិញ ថែមទាំងថា សមត្ថកិច្ចកម្ពុជារំលោភសិទ្ធិមនុស្ស ដោយចោទថា ប្រមុខថា្នក់ដឹកនាំកម្ពុជាថា នៅពីក្រោយខ្នងបញ្ជាទៅវិញ ខណៈដែលក្រុមពួកប្រឆាំងទាំងនោះបានរៀបចំផែនការ រចនាសម្ព័ន្ធយ៉ាងច្បាស់រលាស់ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់កើតចេញពីការគាំទ្របោះឆ្នោតពីប្រជាជនកម្ពុជា។
សរុបសេចក្តីទៅ រឿងរ៉ាវទាំងឡាយអាចអោយយើងយល់យ៉ាងច្បាស់ពីចរិកក្រុមនយោបាយដូរបាយ និងក្រុមសិទ្ធិមនុស្សជារបបរចិញ្ចឹមជីវិត ។ក្រុមទាំងនេះតែងប្រើស្តង់ដារពីរ ឬស្តង់ដាច្រើនខុសគ្នារវាងប្រទេសតូចៗដូចជាកម្ពុជា និងប្រទេសធំៗដែលជាប្រភពម្ចាស់លុយរបស់ខ្លួន។
ដូច្នេះបញ្ហាទាំងឡាយងាយយល់បំផុត បើពួកប្រឆាំងស្រុកខ្មែរ ហ៊ានតែបន្ទោសបង្អាប់ ផ្សាយការពិត ប៉ះម្ចាស់លុយ ច្បាស់ជាដាច់បាយជាមិនខាន ដូចនេៈមានតែផ្សាយ និងនិយាយបន្ទោសបង្អាប់កម្ពុជាទៀត ព្រោះជាមុខរបបរចិញ្ចឹមជីវិត។
ដោយ៖ តាបូរណ៍