មណ្ឌលគិរី ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីពីគ្រប់បណ្តាខេត្ត មានចំនួន ២៨៨ ពាក្យ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣១ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។
លោក កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី ។
លោកអគ្គនាយក បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋរួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទាននេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហក ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
លោក កៅ ថាច បានពន្យល់ថា ការដាក់ទ្រព្យធានាបំណុល អំពីអត្រាការប្រាក់ និងអំពីគោលការណ៍ទទួលបានឥណទាននៅក្នុងគម្រោងនេះ។ លោកក៏បានពន្យល់ ដល់ប្រជាសហគមន៍ អំពីផលិតកម្មដំណាំ ការចិញ្ចឹមសត្វ ការធ្វើវ៉ារីវប្បកម្ម និងវិធីចញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ តាមផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារឲ្យស្របតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ៕