កំពង់ចាម៖ នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកកងមាស, លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព មកពីបីឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម សរុប៦០គ្រួសារ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ខុង ស៊នអេង, លោកស្រី កុល ធារិន និងលោកស្រី ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម អមដំណើរដោយលោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខា រួមជាមួយ លោក ភោគ សាវុធ ប្រធានកិត្តិយសអនុសាខាស្រុកកងមាស ដើម្បីសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋមកពីឃុំរកាគយ ឃុំពាមជីកង និងឃុំសូគង នៃស្រុកកងមាស។
មានប្រសាសន៍ក្នុងឱកាសនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាបាន នាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាលសម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនរើសអើង ហើយតែងចាត់តំណាងឲ្យជួយអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក ជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
លោក អ៊ុន ចាន់ដា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនម្នាក់ៗ ហើយកត្តាដសំខាន់នោះ គឺការរស់នៅ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ពិសាទឹកដាំពុះ បរិភោគអាហារឆ្អិនល្អ សម្អាតបរិស្ថានជុំវិញផ្ទះ សម្រានក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម និងជំងឺរាតត្បាតផ្សេងៗ ជាពិសេសទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវតាមដាន និងអនុវត្តជាប្រចាំតាមសារអប់រំណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ហើយខិតខំបំពេញកាតព្វកិច្ចនានា ឲ្យត្រឹមត្រូវ តាមច្បាប់បានកំណត់។
អំណោយផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង៦០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខ១០កំប៉ុង, អាវយឺតពីរ , ម៉ាស់ប្បរាំន្ទះ និងថវិកាចំនួន២០,០០០ រៀល៕