ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ពានអ្នកថ្មើរជើង មុខសាលាសន្ធរម៉ុក រំលងមហាវិថីម៉ៅសេទុង និងមហាវិថីកម្ពុជាក្រោម សង់រួចរាល់ហើយ

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើង នៅមុខសាលាបឋមសិក្សាសន្ធរម៉ុក នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺកាត់ទទឹងផ្លូវម៉ៅសេទុង និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ ហើយគ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៍នេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញនៃទីចាត់ការរៀបចំក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅពិនិត្យការស្ថាបនាស្ពានថ្មើរជើងនេះ។

ក្នុងឱកាសនេះ លោកអភិបាលក្រុង បានបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះ គឺធ្វើឡើងស្របតាមកំណើនប្រជាសាស្ត្រ នៅក្នុងរាជធានីភ្នំពេញ ដែលចេះតែកើនឡើងជាលំដាប់ ដោយនៅមកដល់ពេលនេះ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាងបីលាន។

លោកបានបន្ថែមទៀតថា ដោយសារកំណើនប្រសាស្ត្រនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលប្រជាពលរដ្ឋដើរឆ្លងផ្លូវ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា «សម្រាប់ភ្នំពេញរបស់យើង មកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ និងលូ ជាមួយនឹងការកសាងផ្លូក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ»។

ចំណែក ការស្ថាបនាស្ពានអាកាសថ្មើរជើង នៅផ្សារដើមគរ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ឯនោះវិញ រហូតមកដល់ពេលនេះ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ គឺនៅសល់តែការក្រាលកម្រាលថ្មើជើង, ការសម្អាត, ការតុបតែង, ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់ក្នុងរយៈពេលបីសប្តាហ៍ទៀត។

សូមរំឭកថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួនបីកន្លែងហើយ ក្នុងនោះរួមមាននៅមុខសាលជម្ពូវ័ន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ មានពីរកន្លែង និងនៅត្រង់ភ្លើងស្តុបនាងគង្ហីង ក្នុងខណ្ឌប្រាំពីរមករាមានមួយកន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕