ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុ នឹងលោក លន់ យ៉េង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ស.អ.ក បានជួបពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន។
ឧកញ៉ា ចាន់ សុឃាំង បានសម្តែងការចាប់អារម្មណ៍ និងគាំទ្រលើគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជា គឺផ្តោតលើវិស័យកសិកម្មដែលជាពិសេសគឺវិស័យស្រូវអង្ករ។
លោកឧកញ៉ា បានលើកឡើងពីសក្តានុពលនិងប្រតិបត្តិការនៃការធ្វើពាណិជ្ជកម្មអង្ករជាមួយនឹងប្រទេសចិនដែលមានស្រាប់ ជាក់ស្តែងរយៈពេល៥ខែនៃដើមឆ្នាំ២០២០ នេះ កម្ពុជាបានធ្វើពាណិជ្ជ កម្មអង្ករ នាំចេញទៅប្រទេសចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាជាង ៧១លានដុល្លារអាមេរិក ដែលជាកំណើនមួយគួរឱ្យកត់សម្គាល់។ ការទូទាត់ជាប្រាក់យន់(ចិន)ដោយផ្ទាល់នេះ នឹងជួយសម្រួលដល់ដំណើរការ ក៏ដូចជាផ្តល់នូវភាពចំណេញនិងងាយស្រួលដល់ពាណិជ្ជករកម្ពុជានិងចិន និងអាចជួយពង្រីកទីផ្សារអង្ករកម្ពុជាទៅប្រទេសចិនបន្ថែមទៀត។ ចំពោះការទូទាត់ជាប្រាក់រៀល គឺជាយន្តការបន្ទាប់សម្រាប់ទូទាត់ការទិញលក់ស្រូវអង្ករក្នុងស្រុក ជាពិសេសជាមួយកសិករ។
លោក ឡុង វិបុណ្យឫទ្ធ តំណាងធនាគារជាតិនៃកម្ពុជា ក៏បានគាំទ្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា លើការជំរុញការទូទាត់ពាណិជ្ជកម្មក្រៅប្រទេស ជាមួយប្រទេសចិន ជាប្រាក់យន់នេះ តបតាមការស្នើពីធនាគារកណ្តាលរបស់ប្រទេសចិន (Central Bank of China) ម្តងហើយម្តងទៀត លើការស្នើឱ្យកម្ពុជាសហការលើការទូទាត់រូបីយប័ណ្ណជាប្រាក់យន់លើពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រួលដល់ប្រតិបត្តិការ និងចំណេញដល់សេដ្ឋកិច្ច។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសំណូមពរ ទៅកាន់ធនាគារជាតិនៃកម្ពុជា ទៅលើជំហាននៃការផ្តួចផ្តើមនៃការទូទាត់ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យន់នេះ ជួយសម្របសម្រួលលើអត្រាប្តូរប្រាក់ (Exchange Rate) ដែលជាការព្យាករណ៍ (forecast fixed exchange rate) រវាងប្រាក់រៀលកម្ពុជា និង ប្រាក់យន់របស់ចិនឱ្យបានមុនមួយខែម្តង ព្រោះនេះជាឧបសគ្គធំមួយក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេស បើសិនយើងចង់ឱ្យមានការចរាចរ និងទូទាត់ជាប្រាក់យន់ចិន៕