ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋឥណ្ឌារាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងប្រទេសចិន ក្នុងជម្លោះព្រំដែន

មនុស្សរាប់រយនាក់នៅប្រទេសឥណ្ឌា បានចេញធ្វើបាតុកម្មប្រឆាំងប្រទេសចិន ក្នុងជម្លោះនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដោយក្រុមបាតុករបានថ្កោលទោសកងកម្លាំងយោធារបស់ប្រទេសចិន ពីបទព្យាយាមរំលោភបំពានចូលទឹកដីប្រទេសឥណ្ឌា និងបានប្រកាសមិនប្រើប្រាស់ទំនិញនានាមកពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ CNN ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនានេះ កងកម្លាំងយោធារបស់ប្រទេសទាំងពីរ បានវាយប្រយុទ្ធគ្នាដោយប្រើកម្លាំងបាយ នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដោយប្រើកណ្តាប់ដៃដាល់គ្នា វាយដោយដំបង និងគប់ដុំថ្ម ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរ មិនបានប្រើអាវុធទេ ទោះបីជាមានសព្វាវុធគ្រប់ធុនក្នុងដៃក៏ដោយ ។

ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ត្រូវបានធ្វើឡើងនៅតំបន់ ស ឬតំបន់ព្រំដែនមិនទាន់ដាច់ស្រេច ដែលនៅខាងឥណ្ឌាជាប់តំបន់កាស្មៀរ និងនៅខាងចិនជាប់ស៊ីនជាំងនិងទីបេ ដោយកងកម្លាំងយោធានៃប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទឈ្លានពានចូលទឹកដីរបស់ខ្លួន ។

ការប្រយុទ្ធគ្នាដោយកម្លាំងបាយរវាងកងទ័ពនៃប្រទេសទាំងពីរ បណ្តាលឲ្យកងទ័ពរបស់ប្រទេសឥណ្ឌាចំនួន២០នាក់ បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានចុះផ្សាយថា ទាហានចិនចំនួន៤៣នាក់ បានស្លាប់ និងរបួសផងដែរក្នុងការប្រយុទ្ធគ្នានេះ ៕