ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ថៃ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ នៅ​ថ្ងៃទី​១៣-១៤ ខែកុម្ភៈខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីដ វុង​ស៊ូ​វុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ កា​ដែន​ស៊ី​ធី រាជធានី​ភ្នំពេញ​។​

​មុន​ចូលដល់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ នឹងមាន​កិច្ចប្រជុំ​របស់​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBCs) ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ បាន​លើក​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​(GBC) បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ចូលរួម​កិច្ចប្រជុំ គណៈប្រតិភូ​ការពារជាតិ​ថៃ ក៏មាន​ដំណើរ​ទស្សនកិច្ច​ក្នុង​រាជធានី និង​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ GBC រវាង​កម្ពុជា​-​ថៃ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ភាគី​ទាំង ២ ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ម្តងម្នាក់​។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព នៃ​ប្រទេស​ទាំង​២ ពិសេស​ការរក្សា​សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ នៅតាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំង​២ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្ម​ភាពខុស​ច្បាប់​នានា នៅ​តំបន់​ព្រំដែន រួមមាន​៖ បញ្ហា​រត់ពន្ធ​គ្រឿងញៀន រត់ពន្ធ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដែល​ភាគី​ទាំង​២ និង​ពុះពារ​ស្វែងរក​ដំណោះស្រាយ និង​មាន​វិធានការ​ទប់ស្កាត់ ដើម្បី​រក្សា និង​ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍន៍ នៅតាម​បណ្តោយ​ព្រំដែន​រួម នៃ​ប្រទេសជិតខាង​ទាំង​២៕​