ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក Nicolas Maduro បានបន្ទន់ឥរិយាបថបន្តិចហើយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីប្រធានាធិបតីរូបនេះ ទទួលរងគំនាបកាន់តែខ្លាំង ។
ប្រភពបានឲ្យដឹងថា លោក Nicolas Maduro កំពុងទទួលរងគំនាប២យ៉ាង គឺគំនាបខាងនយោបាយពីសហគមន៍អន្តរជាតិ និងគំនាបពីក្រុមប្រឆាំងក្នុងស្រុក ដែលអាចធ្វើឲ្យរង្គោះរង្គើតំណែងរបស់លោក ។
អ្នកជំនាញខាងកិច្ចការអន្តរជាតិរបស់ប្រទេសអៀរឡង់ខាងជើង លោក Finian Cuningham បានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសវែណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះមានសណ្ឋានមិនខុសគ្នាប៉ុន្មានទេ ពីវិបត្តិសង្គ្រាមស៊ីវិល នៅប្រទេសស៊ីរី ហើយវែណេស៊ុយអេឡានឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើមេដឹកនាំនៃប្រទេសនេះ មិនអាចដោះស្រាយវិបត្តិនយោបាយបាននៅពេលខាងមុខ ៕