ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១៤ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ ប្រាវីដ វុងស៊ូវុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ កាដែនស៊ីធី រាជធានីភ្នំពេញ។
មុនចូលដល់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នឹងមានកិច្ចប្រជុំរបស់ក្រុមលេខាគណៈកម្មាធិការព្រំដែនទូទៅ (GBCs) ប្រារព្ធធ្វើចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។
លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានលើកក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំកិច្ចប្រជុំ(GBC) បានបន្តឲ្យដឹងទៀតថា ក្រៅពីចូលរួមកិច្ចប្រជុំ គណៈប្រតិភូការពារជាតិថៃ ក៏មានដំណើរទស្សនកិច្ចក្នុងរាជធានី និងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំ GBC រវាងកម្ពុជា-ថៃ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយភាគីទាំង ២ ត្រូវធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ គោលដៅនៃកិច្ចប្រជុំ គឺដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង២ ពិសេសការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំង២ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែន រួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំង២ និងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់ ដើម្បីរក្សា និងធានាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ នៅតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំង២៕