ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្កររកឃើញជ័យលាភីស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា២០១៩

សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី២ខែកុម្ភះឆ្នាំ២០១៩នេះបានរកឃើញជ័យលាភីស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា២០១៩ ក្នុងនោះទី១ ស្រូវផ្ការំដួល បានទៅលើសហគមន៍ស្វាយរន្ធអមត:ស្រូវពូជ ខេត្តតាកែវ និង​​ស្រូវសែន ក្រអូបបាន ទៅលើសហគមន៍ជ្រៃសាមគ្គីបង្កើនផល ខេត្តបាត់ដំបង ហើយ​​ស្រូវអ៊ីអ៊ែរ បានទៅលើសហគមន៍ អភិវឌ្ឍន៍សង្គម កម្ពុជាខេត្តកំពង់ឆ្នាំង។

លោក សុខ ពុទ្ធីវុធ ប្រធាសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជារៀប ចំការប្រកួតស្រូវល្អបំផុតលើកទី៣ធ្វើឡើងដើម្បី ស្វែងរកសហគមន៍ដែលបានផលិតស្រូវ មានគុណភាព ល្អបំផុត ប្រចាំ​កម្ពុជានៅក្នុងឆ្នាំ២០១៨ ដោយទទួលបាននូវពានរង្វាន់លើកទឹកចិត្តពីសហព័ន្ធស្រូវអង្ករកម្ពុជា និង​រាជ​រដ្ឋាភិបាល។

លោកបានមានប្រសាសន៍ទៀតថា​​ លើកទឹកចិត្តដល់សហគមន៍កសិករទាំងអស់​ឱ្យបន្តខិត​ខំអភិវឌ្ឍន៍​សហគមន៍របស់ខ្លួន ដើម្បីក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា និងសហគមន៍ដែលផលិតស្រូវ ចំតម្រូវការទីផ្សារ។

លើសពីនេះលោកអះអាងថា «ពង្រឹង និងពង្រីកការទំនាក់ទំនងរវាងសហគមន៍ និងភាគីពាក់ព័ន្ធនៅក្នុងខ្សែចង្វាក់ផលិតកម្ម ស្រូវអង្ករកម្ពុជា ជាពិសេសរវាងសមាជិកសហព័ន្ធ ដែលមានទាំងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ហើយនិងហគមន៍​កសិករ»។

កម្មវិធី «ប្រកួតស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា» និងរៀបចំពិធីអបអរសារទរកម្ពុជា ទទួលបានពានរង្វាន់​អង្ករល្អបំផុត​លើពិភពលោកចំនួន៤លើក ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសហការជាមួយសមាជិកសមាជិកា បានរៀបចំកម្មវិធីអបអរសាទរកម្ពុជា​ទទួលពាន​រង្វាន់​អង្ករ​​ល្អបំផុតពិភពលោកចំនួន៤លើក ជាពិសេសឆ្នាំ២០១៨ថ្មីៗនេះ កម្ពុជាទើបតែទទួលបាននូវពានរង្វាន់នេះផងដែរ។

ក្នុងកម្មវិធីអបអរសាទរពានរង្វាន់អង្ករពិភពលោកនេះ សហព័ន្ធបានអញ្ជើញតំណាងអ្នករៀប​ចំកម្មវិធីប្រកួតអង្ករ​ពិភព​លោក​គឺ The Rice Traders (TRT) ចូលរួមជាភ្ញៀវកិត្តិយស និងប្រគល់នូវវិញ្ញាបនបត្រ​បញ្ជាក់កម្ពុជាទទួលបាន​ពានរង្វាន់​អង្ករ​ល្អបំផុត​ពិភពលោកចំនួន៤លើក។