កណ្ដាល៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរួមជាមួយលោក ផែរ ហុកឈួន និងលោកស្រី អ៊ឹង ស៊ីស្រ៊ន ឧបាសិកាតាំង បាក់ ហៀង ដោយមានការចូលរួម ពុទ្ធ បរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៨វត្ត។
ការប្រគេនដល់ព្រះសង្ឃ គឺ នៅវត្ត ព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ ដែលពិធីនេះ ត្រូវបានរៀបចំឡើងនៅវត្តវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។
លោកស្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកណ្តាល ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះដែរ លោកស្រីមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។
លោកស្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈ ពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយ សារជម្ងឺមួយនេះ។
លោកជំទាវបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ទៀនព្រះវស្សា ទេយ្យវត្ថុ របស់លោកស្រី កិត្តិសង្គហបណ្ឌិត ព្រមទាំងពុទ្ធិស័ទ្ធចំណុះ ជើងវត្ត បានប្រគេន ០៨វត្ត រួមមាន បច្ច័យមួយចំនួន ទៀនព្រះវស្សា ១គូរ ផ្ទិល ១ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មីម៉ាម៉ា ១កេសធំ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស ទឹកដោះគោ ១កេស ស្ករ ស ២៥គីឡូក្រាម តែស្លឹក ២គីឡូក្រាម ទឹកត្រី ១ឡូ ទឹកស៊ីអ៊ីវ ១កេស អំបិល ១០គីឡូក្រាម ត្រីខ ១កេស ត្រីងៀត ត្រីហើម ៥គីឡូក្រាម សាច់ក្រក ២គីឡូក្រាម នំ អេបីស៊ី ១ធុង ផ្លែឈើ ១កន្ត្រក គ្រាប់ស្វាយចន្ទី២គីឡូក្រាមម្ស៉ៅស៊ុប ១ដុំ និងបានចែកទៀនដល់ប្រជាពលរដ្ឋជាង២០០ នាក់ ដោយក្នុងម្នាក់ទទួលបាន សារ៉ុង ១ និងថវិកាមួយចំនួន ៕
ដោយ៖សំរិត