(ខេត្តបាត់ដំបង)៖ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបឹងឈូក និងផ្ទះលក់គ្រឿងទេស តាមបណ្ដោយផ្លូវទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ត្រីងៀត ពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៥១ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕