ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងក្នុងខែកក្កដា ឆ្នាំ២០២០នេះ 

ភ្នំពេញ ៖​ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា តាមរយៈការព្យាករណ៍អាកាសធាតុ លើកទី២ សម្រាប់ឆ្នាំ២០២០នេះ កម្ពុជានឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ចេញសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុ (កូនរដូវប្រាំង) បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ) សម្ពាធខ្ពស់បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ការវិវត្តន៍កូនរដូវប្រាំងធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ។

ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជា ស្ថានភាពនេះ ក្រសួងក៏បានជម្រាបជូនដំណឹងម្តងរួចមកហើយ តាមរយៈការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ២០២០ នឹងមានកូនរដូវ ប្រាំងកើតឡើងចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០។

ស្ថានភាពអាកាសធាតុនឹងត្រឡប់មកប្រក្រតីឡើងវិញដោយភ្លៀងក៏នឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាលឲ្យខេត្តមួយចំនួន ដែលមានភូមិសាស្ត្រ នៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាបតំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជន ជាពិសេសបងប្អូនប្រជាកសិករបានជ្រាបជាព័ត៌មាន និងមានការយកចិត្តទុកដាក់ ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឲ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល៕