កំពត៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះផ្សព្វ ផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារ ដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពត កាពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ។
លោក កៅ ថាច បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួនជាង៣៥០ពាក្យក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ជាង៣៧លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ។
លោកបន្តទៀតថា បងប្អូន រួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទានក្នុងកម្មវិធីទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនេះ លោកអគ្គនាយកបានស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋាន ជួយបន្តផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានពិសេសនេះ ឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបដើម្បីមានឱកាសអាចទទួលបានឥណទានពីក្នុងកម្មវិធីពិសេសនេះ។
លោក កៅ ថាច បានផ្តល់នូវបទពិសោធន៍ មួយចំនួនអំពីការដាំដុះ ការប្រមូលផល ការចញ្ចឹមត្រី និងព័ត៍មានទីផ្សារជូនដល់បងប្អូនដើម្បីជាចំណេះដឹងថ្មី និងទុកសម្រាប់ជាមូលដ្ឋានសម្រាប់ធ្វើការពិចារណាក្នុងការពង្រីកអាជីវកម្មរបស់បងប្អូន។
ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង កូវីដ-១៩ និងបញ្ហា EBA។
លោក អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ឲ្យរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារឲ្យបានតាមតម្រូវការ និងចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕