ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការចិញ្ចឹមមាន់ខ្មៅកំពុងមានទីផ្សារខ្លាំងទាំងពូជនិងសាច់សម្រាប់បរិភោគ

តាកែវ ៖ បច្ចុប្បន្ននេះមាន់ខ្មៅកំពុងមានទីផ្សារទំាងពូជនិងសាច់សម្រាប់ទិញយកទៅចិញ្ចឹមនិងបរិភោគពេញនិយម ធ្វើឲ្យកសិករអ្នកចិញ្ចឹមមានប្រាក់ចំណូលខ្ពស់ក្នុងសេដ្ឋកិច្ចគ្រួសារ ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវបានឲ្យដឹងថា រហូតមកដល់ពេលនេះនៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមមាន់ខ្មៅចំនួន៥កន្លែង ក្រោមការផ្តល់បច្ចេកទេសពីមន្ទីរកសិកម្មខេត្តលើកម្មវិធីចុះផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ ។

លោកបន្តទៀតថា ក្រោយពេលទទួលបានបច្ចេកទេសនៃការចិញ្ចឹម បានធ្វើឱ្យមាន់ខ្មៅទទួលបានលទ្ធផលល្អ ដោយក្នុងមួយក្បាលទម្ងន់ប្រមាណ២គីឡូក្រាមកសិករអាចលក់បានជាង១០ម៉ឺនរៀល បើប្រៀបធៀប ទៅនឹងមាន់ខ្មែរឬមាន់ផ្សេងៗទៀតគឺមាន់ខ្មៅមានតម្លៃខ្ពស់ហើយមានទីផ្សារល្អ ។

ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ឥឡូវនេះការចិញ្ចឹមមាន់ខ្មៅក៏ដូចជាមាន់ស្រែ គឺឃើញថាមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជាយើង ដោយសារតម្រូវការកាន់តែមានការកើនឡើង។ ដូច្នេះហើយទោះបីយើងមានបញ្ហាកូវីដក៏ដោយក៏មិនជាប៉ះពាល់ខ្លាំងទៅដល់ការចិញ្ចឹមសត្វផ្សេងៗនោះដែរ ហើយផ្ទុយទៅវិញវាគឺជាការផ្ដល់ឱកាសល្អទៅដល់ការចិញ្ចឹមសត្វនៅក្នុងប្រទេសយើង ដែលអាចស្វែងរកនូវប្រាក់ចំណូល បានច្រើនដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

លោក ស៊ី សម្ភស្ស កសិករចិញ្ចឹមមាន់ខ្មៅនៅខេត្តតាកែវ បានឲ្យដឹងថា គាត់បានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរធម្មតាមកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈ ងាយស្រួលចិញ្ចឹមដូចមាន់ស្រែធម្មតា ជាពិសេសទទួលបានតម្លៃខ្ពស់ជាងផង ។

លោកបានបន្តទៀតថា ពីមុនខ្ញុំដាក់មាន់ខ្មែរខ្ញុំធ្វើរោងធំ ប៉ុន្តែដល់ពេលយើងចិញ្ចឹមមាន់ខ្មៅគឺចិញ្ចឹមរាងយូរដូចមាន់ខ្មែរដែរ។ ដោយសារ ភ្ញៀវសាញរឿងដុះរោមមិនទាន់ជិត ដល់ពេលអ៊ីចឹងទៅយើងក៏ដូរមកចិញ្ចឹមមាន់ខ្មៅវិញ វាស្រួលចិញ្ចឹមព្រោះវាដុះរោមលឿនជាង ។ សម្រាប់តម្លៃគឺថ្លៃជាង ហើយការចិញ្ចឹមគឺ៥ទៅ៦ខែវាពេញវ័ញហើយ ។

សូមបញ្ជាក់ថា មាន់ខ្មៅអាចយកទៅកែច្នៃជាម្ហូបបានយ៉ាងច្រើនប្រភេទ ដូចជា ស្ងោរ ចៀន សាច់ក្រក ប្រហិត សាច់ផាត់ ហើយការបរិភោគគឺជួយឱ្យមានសុខភាពល្អ រាងកាយមំាមួន៕