(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ត្រូវនឹងថ្ងៃចូលឆ្នាំចិន ថ្ងៃទី១នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៣០លើក បណ្តាលឲ្យស្លាប់ ១៩នាក់ និងរបួស ៤២នាក់។ បើធៀបនឹងថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ កាលពីឆ្នាំមុន គឺគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ ឆ្នាំនេះ បានកើនឡើងនូវចំនួនអ្នកស្លាប់ និងអ្នករបួស។
របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា មូលហេតុគ្រោះថ្នាក់ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន នាថ្ងៃទី០៥ ខែកុម្ភៈនេះ កើតឡើង ច្រើនជាងគេ ដោយសារការបើកបរលឿន ល្មើសល្បឿនកំណត់ បើកបរមិនប្រកាន់ស្តាំ និងបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ជាដើម។ ក្នុងចំណោម អ្នកស្លាប់ទាំង ១៩នាក់ គឺមានអ្នកធ្វើដំណើរតាមម៉ូតូ ១៤នាក់ និងមិនពាក់មួកសុវត្ថិភាព ទាំង ១៤នាក់។
របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៣០ លើក បណ្តាលឲ្យស្លាប់ ១៤នាក់ និងរបួស ៣២នាក់។
ដោយឡែក ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំមុន គិតរយៈពេល ៤ ថ្ងៃ នៃពិធីសែន និងថ្ងៃចូលឆ្នាំចិន ចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៦៦ លើក បណ្តាលឲ្យស្លាប់ ៤៤នាក់ និងរបួស ៩១នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៤៤នាក់ គឺមានអ្នកធ្វើដំណើរតាមម៉ូតូ ៣២ នាក់ និងមិនពាក់មួកសុវត្ថិភាព ២៣ នាក់៕