សង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចខាងសព្វាវុធនៅលើពិភពលោក គឺប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសារជាថ្មីម្តងទៀតហើយ ក្រោយពីសង្គ្រាមត្រជាក់ បានស្ងប់ស្ងាត់ចាប់តាំងពីក្រោយឆ្នាំ១៩៨៧កន្លងទៅ ដែលជាឆ្នាំប្រទេសមហាអំណាចទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម Intermediate-Range Nuclear Forces Treaty ដែលហៅកាត់ថា INF ជាមួយគ្នា ។
សង្គ្រាមត្រជាក់ចាប់ផ្តើម ក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយមួយថ្ងៃបន្ទាប់ គឺថ្ងៃទី០២ ខែកុម្ភៈដដែល រុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ ។
ក្រោយពីប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម Intermediate-Range Nuclear Forces Treaty ដែលហៅកាត់ថា INF មេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានប្រកាសពីគម្រោងផលិតមីស៊ីលឲ្យបានច្រើនដូចគ្នា ដែលរុស្ស៊ីបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងកម្លាំង១០០មេហ្កាតោន (100-megaton warheads) នៅឆ្នាំ២០២១ខាងមុខ ហើយអាមេរិកក៏បានប្រកាសផលិតមីស៊ីលបន្ថែមដែរ ប៉ុន្តែគ្រាន់តែមិនដាក់កាលបរិច្ឆេទនៃការផលិតពិតប្រាកដ ៕