ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ដែលជាប់សាច់ញាតិមេធាវី​អ៊ូ​ប៊ុនរ៉ា​ក្នុងករណី បង្ខាំងឪពុកបង្កើតលោក​ស្រី ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ

 

ភ្នំពេញ៖  កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រេចបញ្ជូន ជនសង្ស័យប្រុស ស្រី ៣នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដែលជាប់ពាក់ព័ន្ធករណី បង្ខាំងឪពុកបង្កើតរបស់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នៅថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩ នេះ ដើម្បីឲ្យចាត់ការតាមនីតិវិធី។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ មាន
ឈ្មោះ សំ សុខុន ភេទស្រី អាយុ ៥៨ឆ្នាំ
ឈ្មោះ រ៉ាន ដាលុច ភេទប្រុស អាយុ ៣៦ឆ្នាំ
-និងឈ្មោះ ពុធ ធនូ ភេទប្រុស អាយុ ២៧ឆ្នាំ។

ចំណែក ជនរងគ្រោះ ឈ្មោះ ប៊ុន យុទ្ធា ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។​ជាឪពុកបង្កើតរបស់លោកស្រី

លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យ ដឹង ថា ករណីឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ខាងលើ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួននដោយមានការឯកភាពពីព្រះរាជអាជ្ញា។

លោកបន្តថា ស្ថាប័នអយ្យការ នឹងចាត់ការតាមច្បាប់ ចំពោះករណីនេះ នៅពេលដែលសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ និងសំណុំរឿង ដល់តុលាការ។

សូមបញ្ជាក់ថា​ជនសង្ស័យទាំង៣នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលាឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីទទួលសេចក្តីរាយការណ៍តាមទូរស័ព្ទថា មានករណីចាប់បង្ខាំងមនុស្ស ដោយខុសច្បាប់ នៅចំណុចផ្លូវលំក្នុង ភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមការបញ្ជាក់ ពីសាច់ញាតិរបស់ជនរងគ្រោះ​បានឲ្យដឹងថា​​ឈ្មោះប៊ុន​យុទ្ធា​បានជិះម៉ូតូទៅមើល ជាងធ្វើរបង ដីរបស់គាត់នៅក្បែរកន្លែងកើតហេតុ។

កំពុងជិះម៉ូតូត្រលប់មកវិញ  មានមនុស្ស ៣នាក់ ប្រដាប់ដោយ កាំបិតផ្គាក់ បានស្ទាក់ផ្លូវ និងឃាត់ខ្លួនជនរងគ្រោះ ឲ្យអង្គុយនៅមួយកន្លែង មិនឲ្យទៅណាទេ ហើយបានដកកូនសោរម៉ូតូទុកថែមទៀតផង។

ក្រោយពីត្រូវឃាត់ខ្លួនទុកប្រហែល ជា ៣០នាទី ដោយមានភាពភិតភ័យ ទើបជនរងគ្រោះទូរស័ព្ទទៅប្រាប់សាច់ញាតិ ទើបសាច់ញាតិ សុំជួយអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច។

ពាក់ព័ន្ធ ករណីនេះ លោក មេធាវី អ៊ូ ប៊ុនរ៉ា បានប្រាប់ ថា ពិតជាមាន ការឃាត់ខ្លួនសាច់ញាតិរបស់លោក នៅខេត្តព្រះសីហនុ ចំនួន ៣នាក់ ពាក់ព័ន្ធរឿង បង្ខាំងឪពុកលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមតុលាការក្រុងភ្នំពេញនោះមែន។

គួរកត់សម្គាល់ថា ករណីវិវាទដីធ្លីរវាង លោក មេធាវី អ៊ូ ប៊ុនរ៉ា និងគ្រួសាររបស់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកើតឡើង អស់េយះពេលជាច្រើនខែមកហើយ។

លោកស្រី កែវ សុគន្ធា ក៏ធ្លាប់បានបង្ហោះ រូបភាព និងសារជាអក្សរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងរ៉ាវជំលោះដីធ្លីមួយនេះ ផងដែរ កាលពីអំឡុងចុងឆ្នាំ២០១៨៕