ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាប់​ស្វាដែលបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ នៅ​ជិត​សណ្ឋាគារ​ឯករាជ្យ ក្នុង​ខេត្តព្រះសីហនុ នឹងយកទៅ​លែង​ក្នុងដែនជម្រកសុវត្តិភាព

(​ខេត្ត​ព្រះសីហនុ​)៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា ហ្វូង​សត្វ​ស្វា​ជាច្រើន​ក្បាល នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ ( សណ្ឋាគារ ប្រាំពីរ​ជាន់ ) ក្នុង​ខេត្ត​ព្រះសីហនុ បាន​បង្ក​ការរំខាន​ដល់​មហាជន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ភ្ញៀ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

​ដើម្បី​រក្សា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​បង្កឡើងពី​ហ្វូង​សត្វ​ស្វា​ទាំងនោះ មន្ត្រីរដ្ឋបាល​ព្រៃឈើ ដោយមាន​ចំណារ​ឯកភាព​របស់​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ចាប់​សត្វ​ស្វា ដែល​បង្ក​ការរំខាន ស្ថិតនៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ និង​បាន​ដោះលែង​វិញ នៅ​ដែន​ជម្រក​សុវត្ថិភាព​សហគមន៍​ព្រៃឈើ​វាល ក្នុង​ខេត្តពោធិ៍សាត់​។​

​សេចក្តីជូនដំណឹង​រប​ស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ បានធ្វើ​ឡើង ខណៈ​ដែលមាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា ស្វា​មួយចំនួន នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ ( សណ្ឋាគារ​ប្រាំពីរ​ជាន់ ) បាត់ ដោយ​មិនដឹង​ប្រភព​អ្នក​ចាប់​សត្វ​ស្វា​ទាំងនោះ​។ ដូច្នេះ​ដើម្បី​ជៀសវាង​ការភាន់ច្រឡំ​ពី​សំណាក់​មហាជន​ចំពោះ​ព័ត៌មាន នៃ​ការបាត់​សត្វ​ស្វា​ទាំងនេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ បាន​បំភ្លឺថា សត្វ​ស្វា​ទាំងនោះ ត្រូវបាន​ចាប់​យកទៅ​លែង​ក្នុងព្រៃ នៅ​ខេត្តពោធិ៍សាត់ ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ អ្នកដំណើរ រួមទាំង​អ្នកទេសចរ​តទៅទៀត​៕