កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។
លោករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម។
លោកបានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមជូនគ្រប់វិស័យ ដោយប្រឹងប្រែងចរចាយ៉ាងសកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈកម្មវិធីអនុគ្រោះពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូ ក៏ដូចជាសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសមួយចំនួនទៀត មានដូចជា សហភាពអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។
លោករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម។ ហើយត្រូវ បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។ ចៀសវាងដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោករដ្ឋមន្ត្រី ក៏បានស្នើគ្រប់ស្ថាប័នទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីការការពារជំងឺនេះដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះជាលើកទី២ទៀត៕

