ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច ផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយយុវជន២នាក់ ចោទប្រកាន់ ថា បានប្រើអំពើហិង្សាជំរិតទារប្រាក់ ។
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនប្រឆាំងគ្រឿងញៀន និង កូនចៅតាមឋានានុក្រុមចំនួន៦នាក់ ផ្សេងទៀត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿង ញៀនចំនួន០២នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ ជនទាំង០២នាក់នោះឲ្យឪពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត ៕

