ភ្នំពេញ យោងតាមរបាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះចាប់ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ៦៧លើក បណ្តាលឲ្យស្លាប់ ៣៦នាក់ និងរបួស ៨៩នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៣៦នាក់ មាន ២៩នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព ២៤នាក់។ បើធៀបនឹងឆ្នាំមុន អំឡុងពេលចូលឆ្នាំចិន នៅឆ្នាំនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង តែចំនួនអ្នកស្លាប់ និងអ្នករបួស បានថយចុះ។
របាយការណ៍ដដែល បង្ហាញថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលចូលឆ្នាំចិន នៅឆ្នាំនេះ កើតឡើងច្រើនជាងគេ ដោយសារការបើកបរលឿនល្មើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយាន។ ដោយឡែក រាជធានី-ខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើន រួមមាន ក្រចេះ កំពង់ស្ពឺ កំពង់ចាម រាជធានីភ្នំពេញ តាកែវ កណ្តាល កោះកុង និងខេត្តព្រះវិហារ។
របាយការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ៤ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំ គឺចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៦៦លើក បណ្តាលឲ្យស្លាប់ ៤៤នាក់ និងរបួស ៩១នាក់៕