វីរុសCovid-19 បានសម្លាប់មនុស្សអស់ជាង១ពាន់នាក់ក្នុងមួយថ្ងៃរយៈពេល៣ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេរិក ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដានេះ Covid-19បានសម្លាប់មនុស្សអស់ចំនួន ១៤៦៣នាក់ គិតត្រឹមថ្ងៃទី៣០ចំនួន ១៣០៤នាក់ និងគិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន ១២៦៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Worldometer ។
វីរុសCovid-19ក៏បានសម្លាប់មនុស្សប្រចាំថ្ងៃក្នុងរង្វង់ពីជាង៥ពាន់ទៅជាង៦ពាន់នាក់ដែរក្នុង១ថ្ងៃនៅជុំវិញពិភពលោក ដែលគិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ Covid-19បានសម្លាប់មនុស្សអស់ចំនួន ៦២១៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ចំនួន ៥៥៨០នាក់ និងកាលពីថ្ងៃពុធវីរុសនេះបានសម្លាប់មនុស្សអស់ចំនួន ៦៦៤៥នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦៧៥ ៧៥៩នាក់ និងមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ ១៧ ៤៥៣ ១៥២នាក់ ខណៈដែលអ្នកជាសះស្បើយសរុបក៏បានកើនឡើងដល់ ១០ ៩២៣ ០០៨នាក់ ៕