ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ បានវិលត្រឡប់មកពីប្រទេសហ្ស៊កដានី ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញ តាមជើងហោះហើរចំនួន២ផ្សេងគ្នា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ត្រូវបានរោងចក្រវាយនភណ្ឌចំនួន២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ។
ពលរដ្ឋកម្ពុជាចំនួន៥០នាក់ មកពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ធ្វើដំណើរត្រឡប់មកកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី លេខ MH754 ដែលនឹងចេញដំណើរ ពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងមកដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង១០ព្រឹក។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរខ្មែរទាំងនោះពេលវិលត្រឡប់ មកដល់ទឹកដីកំណើតវិញ នឹងធ្វើចត្តាទ្បីស័ក រយៈពេល១៤ ថ្ងៃមុននឹងអនុញ្ញាតឲ្យទៅ ជួបជុំក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់៕