ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣និងផ្លូវមួយចំនួនក្នុងប្រទេសកម្ពុជាបានដាក់ កាមេរ៉ាឆ្លាតវៃបង្កប់ចាំថត អ្នកបើកលើស ល្បឿន កំណត់រួចបញ្ជូនការផាកពិន័យដល់ផ្ទះ អ្នកល្មើស តែម្តង។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣ នឹងបង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែមលើកាមេរ៉ាចល័តរបស់សមត្ថកិច្ច។ លោកបន្ដថា បញ្ហាគឺតាមផ្លូវ ដែលត្រូវ ចាប់ការបើកបរ លើសល្បឿនកំណត់ទាំងនោះ ពុំមានស្លាកសញ្ញាកំណត់ល្បឿន ឬ មានដែរតែដួលរលំ និង រលុប ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿនឲ្យបានត្រឹមត្រូវបានច្បាប់។

លោកបានឱ្យដឹងទៀតថា បន្ទាប់ពីសាងសងផ្លូវជាតិលេខ៣រួចរាល់ហើយ ផ្លូវនេះក៏ដូចផ្លូវនៅខេត្តព្រះសីហនុ នឹងក្លាយជា ផ្លូវគំរូដែលមានកន្លែងដាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើស ល្បឿនកំណត់ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព និងបញ្ជូនវិក្ក័យបត្រទៅដល់ផ្ទះតែម្តង។

នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងដែរថា នៅពេលកាំម៉េរាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បងទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសកំណត់ហើយ។ នាយឧត្តមសេនីយ៍បន្ថែមថា កន្លែងណាក៏ដោយឱ្យតែមានសមត្ថភាព បំពាក់កាំម៉េរាសុវត្ថិភាព នឹងអនុវត្តសាកល្បងតែម្តង៕